ម៉ូស្គូ៖ អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់ដល់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងដាក់ចេញនូវបម្រាមរយៈពេល៦ខែ លើការនាំចេញប្រេងសាំង ដោយគិតចាប់ពីថ្ងៃទី១ ខែមីនា តទៅ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរនេះមានគោលបំណងបំពេញកង្វះខាតដល់កំណើននៃតម្រូវការនៅនិទាឃរដូវ និងរដូវក្តៅ ដោយបានបន្ថែមថា វិធានការដែលអាចកើតមានមួយទៀតគឺការបង្កើនអត្រាលក់ប្រេងម៉ាស៊ូតនៅលើផ្សារហ៊ុនដល់ទៅ១៦ភាគរយ ។
នៅក្នុងរបាយការណ៍បានដាក់ថា ការរឹតបន្តឹងនេះនឹងមិនអនុវត្តចំពោះប្រទេសដែលស្ថិតនៅក្នុងសហភាពសេដ្ឋកិច្ច EEC រឺហៅថា រដ្ឋដែលមានសេដ្ឋកិច្ចទីផ្សារតែមួយនោះទេ ។
គួររំលឹកថា កន្លងមក ប្រទេសរុស្ស៊ី បានណែនាំឲ្យមានការហាមប្រាមការនាំចេញប្រេងសាំងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរក្សាស្ថិរភាព នៃស្ថានភាពតម្លៃនៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុក ហើយការហាមឃាត់នេះត្រូវបានដកចេញវិញ បន្ទាប់ពីទីផ្សារឥន្ធនៈក្នុងស្រុកឈានដល់កម្រិតគ្រប់គ្រាន់ ហើយសម្រាប់ការផ្គត់ផ្គង់ត្រូវបានផលិតបន្ថែមឡើងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា