ព័ត៌មានអន្តរជាតិ

Update៖ ហ្ស៊កដានី ទម្លាក់ជំនួយ៤កញ្ចប់ ពីលើអាកាស ជួយដល់តំបន់ហ្គាហ្សា

អាំម៉្មង់៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសហ្សកដានី បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានធ្វើការទម្លាក់ តាមយន្តហោះនូវកញ្ចប់ចំនួន៤ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ឈ្មោះថា Petra បានរាយការណ៍មកថា ជំនួយទាំងនោះរួមមាន ជំនួយសង្គ្រោះ និងអាហារដូចជាអាហារដែលត្រៀមរួចជាស្រេច ដែលមានអាហារូបត្ថម្ភខ្ពស់ មានគោលបំណងជួយកាត់បន្ថយ ដល់ការងទុក្ខរបស់អ្នកស្រុក ដែលបានជាប់គាំង ក្នុងជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មកនេះ ។

យោងតាមទីភ្នាក់ងារ Petra បានឱ្យដឹងថា ការផ្គត់ផ្គង់ត្រូវបានទម្លាក់តាមឆ្នេរសមុទ្រនៃទឹកដី ពីខាងជើងទៅខាងត្បូង ក្នុងគោលបំណងចែកចាយ ដោយផ្ទាល់ទៅកាន់អ្នកស្រុក នៅទីនោះ ។

យន្តហោះទម្លាក់ស្បៀងប្រភេទ C130 ចំនួន៤គ្រឿង ដែលក្នុងនោះយន្តហោះ១គ្រឿង ជារបស់កងកម្លាំងប្រដាប់អាវុធបារាំង ។

ទីភ្នាក់ងារ Petra បានរាយការណ៍ទៀតថា ការធ្លាក់ចុះកញ្ចប់ជំនួយទាំងនេះបានកើតឡើងស្របពេលដែលស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលកំពុងបន្ត ដែលអាចនាំឱ្យមានទុរ្ភិក្សនៅក្នុងបរិបទនេះ ។

កងកម្លាំងប្រដាប់អាវុធ បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ហ្គាហ្សាតាមរយៈស្ពានអាកាស មិនថា តាមរយៈយន្តហោះផ្តល់ជំនួយពីអាកាសយានដ្ឋាន យោធា Marka របស់ក្រុង អាំម្ម៉ង់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ El-Arish ដែលស្ថិតនៅភាគខាងជើងក្រុង ស៊ីណៃ “Sinai” របស់ប្រទេសអេហ្ស៊ីប ឬតាមរយៈប្រតិបត្តិការ ទម្លាក់តាមយន្តហោះ ទៅកាន់តំបន់ហ្គាហ្សា ស្ទ្រីប ៕

ដោយ៖ ម៉ៅ បុប្ផាមករា

រូបភាព៖ Xinhua

To Top