ព័ត៌មានអន្តរជាតិ

ប្រធានព្រឹទ្ធសភា ​ម៉ាឡេស៊ី ស្នើសម្តេចធិបតី ចែករំលែកគន្លឹះ និង​បទពិសោធន៍​ កម្ពុជា សម្រេចបានការអភិវឌ្ឍ និងរក្សាកំណើនសេដ្ឋកិច្ចល្អ

ភ្នំពេញ៖ លោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា និងបានស្នើសម្តេចធិបតីចែករំលែក នូវទស្សនទានគន្លឹះ និង​បទពិសោធន៍​ដែលនាំឲ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាន នូវអត្រាកំណើនសេដ្ឋកិច្ចល្អ។

ការស្នើខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា​ម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោក Datuk Mutang Tagal បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ តាមរយៈការកសាងឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា​ អាកាសយានដ្ឋានអន្តរជាតិ​ សៀមរាបអង្គរ​ ដែលទើបតែត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។

បន្ថែមលើនេះ ប្រធានព្រឹទ្ធសភា​ក៏បានស្នើសម្តេចធិបតីចែករំលែក នូវទស្សនទានគន្លឹះ និង​បទពិសោធន៍​ ដែលនាំឲ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផល នៃកិច្ចជំនួបពិភាក្សាទ្វេភាគី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន​ អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។

ជាមួយគ្នានេះដែរ​ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិរវាង​កម្ពុជា​ និងម៉ាឡេស៊ី​ ដែលជាការរួមចំណែក ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច នៅកម្ពុជា និងថ្លែងអំណរគុណ​ម៉ាឡេស៊ី​ ចំពោះការរួមចំណែក ដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាព របស់កម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។​

ឆ្លើយតបទៅនឹងការស្នើរបស់ប្រធានព្រឹទ្ធសភា ស្វែងយល់អំពីទស្សនទានគន្លឹះ​ និងបទពិសោធន៍​ នៃការអភិវឌ្ឍ និងរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុត គឺសុខសន្តិភាព​ និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព​ និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ​ ហើយសម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពី ការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ ដែលបានបញ្ចប់សង្គ្រាម​បែកបាក់ជាតិ​ ក្នុង​រយៈពេល​៥សតវត្ស​ និងជួយកម្ពុជា​ រក្សាបាន​នូវ​កំណេីនសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍ​របស់ខ្លួន៕

To Top