ព័ត៌មានអន្តរជាតិ

បារាំង កំពុងបង្កើតសម្ព័ន្ធមិត្តថ្មី ដើម្បីសម្រាប់ផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ជាពិសេសអាវុធប្រតិបត្តិការចំងាយឆ្ងាយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងកំពុងដឹកនាំក្រុមចម្រុះថ្មីមួយ ដែលមានបំណងផ្តល់ឱ្យអ៊ុយក្រែននូវ មីស៊ីល និងគ្រាប់បែករយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយផងដែរ។

ទោះបីជាយ៉ាងណាក្តី នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយ កិច្ចប្រជុំនៅក្នុងទីក្រុងប៉ារីសស្តីអំពីបញ្ហាអ៊ុយក្រែន លោក​ក៏​មិន​បាន​ច្រានចោល​ការ​ពង្រាយ ​កម្លាំង​ដី​ដើម្បី​គាំទ្រ​ក្រុង​កៀវ​នា​ពេល​អនាគត​នោះទេ។

លោក Macron បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃ ក្រុមគាំទ្ររបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ដែលមានបំណងបង្ហាញពី ការគាំទ្រឥតងាករេសម្រាប់គៀវចំពេល មានការផ្អាកជំនួយរបស់អាមេរិក។

យោង​តាម​មេដឹក​នាំ​បារាំង ក្រុម​ចម្រុះ​ដែល​ទើប​បង្កើត​ថ្មី​ព្យាយាម ​ផ្តល់​លទ្ធភាព​ឱ្យ​អ៊ុយក្រែន​ ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ស៊ី​ជម្រៅ ចូលទៅក្នុងប្រទេសរុស្សីហើយ លោក Macron បានបន្ថែមថា មានការយល់ស្របយ៉ាងទូលំទូលាយ ដើម្បីធ្វើកាន់តែច្រើន និងលឿនជាមួយគ្នាដើម្បីគាំទ្រដល់ទីក្រុង គៀវ។

ចំណាត់ការ​នេះ​កើត​ឡើង​ខណៈ​ការ​បន្ត​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន​នៅ​មាន​ការ​សង្ស័យថានឹងមិនអាចទៅរួចហើយ កញ្ចប់ថវិកាចុងក្រោយបំផុតរបស់ប្រធានាធិបតី Joe Biden ដែលគិតជាទឹកប្រាក់បន្ថែមចំនួន ៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ បានស្ថិតក្នុងការរាំងស្ទះអស់ជាច្រើនខែ ដោយសារតែការប្រឆាំងពីគណបក្សសាធារណរដ្ឋ នៅក្នុងសភាតំណាងរាស្រ្ត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top