បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergey Shoigu) បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារថា ទីក្រុងគៀវបានបាត់បង់កងទ័ពជាង ៤៤៤.០០០ នាក់ ក្នុងរយៈពេលពីរឆ្នាំ នៃអរិភាពប្រឆាំងនឹងទីក្រុងមូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការលើកឡើងរបស់លោក សឺហ្គេ សយហ្គូ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា កងកម្លាំងរបស់ប្រទេសអ៊ុយក្រែន បានកត់ត្រាអ្នកស្លាប់ប្រមាណ ៣១.០០០នាក់ ក្នុងរយៈពេលពីរឆ្នាំនៃការប្រយុទ្ធគ្នា។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចង្អុលបង្ហាញថា តួលេខចុងក្រោយបង្អស់ពីទីក្រុងគៀវគឺទាបជាងការប៉ាន់ប្រមាណរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីរដូវក្តៅឆ្នាំមុន។
លោក សយហ្គូ បាននិយាយថា អត្រាតម្លៃខ្ពស់នៅខាងអ៊ុយក្រែន គឺជាភ័ស្តុតាងថា “យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់រុស្ស៊ីក្នុងការបាត់បង់ជីវិតរបស់អ៊ុយក្រែន និងការគាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាអកម្មនៃរបបក្រុងគៀវ គឺគ្មានផ្លូវទៅមុខទេ”។ ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លោក សយហ្គូ បាននិយាយថា ការស្លាប់ប្រចាំថ្ងៃជាមធ្យមនៃជម្លោះសម្រាប់កងទ័ពអ៊ុយក្រែនគឺមានទាហានច្រើនជាង ៨០០នាក់ និងសព្វាវុធប្រហែល១២០។ លោក សយហ្គូ មិនបានបំបែកអ្នកស្លាប់ និងរបួសទេ។
ខណៈពេលដែលធ្វើការអះអាងកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានប្រៀបធៀបតួលេខ ៣១.០០០នាក់ របស់គាត់ជាមួយនឹងការប៉ាន់ប្រមាណរបស់រុស្ស៊ីដែលគាត់បានដាក់ថាជាការកុហក។ លោកបានបដិសេធមិននិយាយថាតើទាហានអ៊ុយក្រែនប៉ុន្មាននាក់បានរងរបួសដោយពន្យល់ថាការបង្ហាញព័ត៌មាននោះនឹងផ្តល់ប្រយោជន៍ដល់ផែនការយោធារបស់ក្រុងម៉ូស្គូ។
កាសែត New York Times បានកត់សម្គាល់ថា ការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន “ខុសគ្នាយ៉ាងខ្លាំង” ពីការប៉ាន់ប្រមាណដោយមន្ត្រីអាមេរិកកាលពីខែសីហាមុន។ នៅពេលនោះ ប្រភពបាននិយាយថា ជនជាតិអ៊ុយក្រែនប្រហែល ៧០.០០០ នាក់ត្រូវបានសម្លាប់ និងពី ១០ម៉ឺននាក់ ទៅ១២ម៉ឺននាក់ បានរងរបួស៕ ប្រែសម្រួលៈ ណៃ តុលា