ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជាក់ថា ផ្កាយរណបចារកម្មកូរ៉េខាងជើង ទំនងជាមិនដំណើរការនោះទេ

Kyodo

សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ផ្កាយរណបចារកម្មរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាមិនដំណើរការនោះទេ បើទោះបីជាបានចូលគន្លងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shin Won Sik បានប្រាប់អ្នកយកព័ត៌មានថា “(ផ្កាយរណប) មិនបានកំណត់ឡើងវិញ ឬទំនាក់ទំនងជាមួយផែនដីនោះទេ ប៉ុន្តែគ្រាន់តែគោចរដោយគ្មានសកម្មភាព”។

ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួនជាផ្លូវការនៅក្នុងខែធ្នូ។ ប្រទេសនេះបានឲ្យដឹងថា រូបថតដែលថតដោយផ្កាយរណប រួមមានទីតាំងយោធាសំខាន់ៗរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ទោះបីជាពួកគេមិនទាន់ត្រូវបានចេញផ្សាយក៏ដោយ។

លោក Shin មានការងឿងឆ្ងល់ ចំពោះការអះអាងរបស់ទីក្រុងព្យុងយ៉ាង ដោយថា ការផ្តល់ព័ត៌មានដែលបានចែករំលែកជាមួយសហរដ្ឋអាមេរិក ផ្កាយរណបកំពុងធ្វើដំណើរជុំវិញគន្លងជាធម្មតា ប៉ុន្តែមិនដំណើរការដូចបំណងនោះទេ។

ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចំនួន៣ បន្ថែមទៀតនៅឆ្នាំនេះ ហើយលោកបានបញ្ជាក់ថា ផ្កាយរណបបន្ទាប់អាចនឹងធ្វើឡើងនៅចុងខែមីនា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top