បរទេស៖ ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា នាវាចម្បាំងអាល្លឺម៉ង់ Hessen ដែលត្រូវបានដាក់ពង្រាយទៅសមុទ្រក្រហមជាផ្នែកមួយនៃបេសកកម្មរបស់សហភាពអឺរ៉ុប បានមានការភាន់ច្រឡំដោយបានបាញ់លើយន្តហោះគ្មានមនុស្សបើករបស់អាមេរិកកាលពីដើមសប្តាហ៍នេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងមក ទីក្រុងប៊ែកឡាំង បានបង្ហាញពីការជាប់ពាក់ព័ន្ធដ៏ជោគជ័យលើកដំបូងរបស់នាវាចម្បាំង Hessen ដែលក្នុងនោះ នាវាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហួធី ចំនួនពីរគ្រឿងក្នុងរយៈពេល ១៥នាទី កាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណាក៏ដោយ កាលពីល្ងាចថ្ងៃចន្ទ នាវាចម្បាំងបានប្រើប្រាស់មីស៊ីល SM-2 ចំនួនពីរគ្រាប់ ដើម្បីតម្រង់គោលដៅទៅលើយន្តហោះគ្មានមនុស្សបើកដែលមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែមីស៊ីលទាំងពីរគ្រាប់មិនបានបាញ់ដល់គោលដៅនោះទេ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ លោក Michael Stempfle ។
លោក Stempfle បាននិយាយថា “ករណីនេះត្រូវបានដោះស្រាយក្នុងន័យថា វាមិនមែនជាយន្តហោះគ្មានមនុស្សបើកដែលមានអរិភាពទេ ដែលវាច្បាស់នៅពេលក្រោយ”។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានបញ្ជាក់សេចក្តីថ្លែងការណ៍របស់លោក Stempfle ខណៈពេលដែលធ្វើដំណើរទៅមូលដ្ឋានយោធាមួយក្នុងទីក្រុង Bavaria កាលពីល្ងាចថ្ងៃពុធ ដោយប្រាប់អ្នកសារព័ត៌មានថា មានឧប្បត្តិហេតុ “នៅក្នុងការបាញ់ប្រហារ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានវាយប្រហារនោះទេ” ។
យោងតាមប្លុកយោធាអាល្លឺម៉ង់ Augen geradeaus គ្រាប់មីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកបានបរាជ័យសម្រាប់ “ហេតុផលបច្ចេកទេស” ដែលជំរុញឱ្យ Hessen ប្រើកាំភ្លើងធំ 76mm របស់ខ្លួនដើម្បីបាញ់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហួធី កាលពីថ្ងៃអង្គារ។ បន្ទាប់មក នាវាចម្បាំងអាល្លឺម៉ង់បានប្រើមីស៊ីល RAM រយៈចម្ងាយខ្លី ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហួធីផ្សេងទៀតនៅព្រឹកថ្ងៃពុធ៕ ប្រែសម្រួលៈ ណៃ តុលា