បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់ បានរៀបចំគំរូសម្រាប់ការវាយប្រហារ ដ៏មានសក្តានុពលរបស់រុស្ស៊ី មកលើអង្គការណាតូ។ យោងតាមកាសែតនេះ, អាជ្ញាធរនៅទីក្រុងប៊ែរឡាំង បានពណ៌នាអំពីដំណាក់ កាលចំនួនបួនផ្សេងគ្នា ដែលឈានដល់ចំណុចកំពូល នៃការវាយប្រហារនុយក្លេអ៊ែរ ដ៏មានសក្តានុពលលើ ប្រទេសសមាជិករបស់អង្គការណាតូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃពុធ កាសែត Bild បានអះអាងថា បានទទួលការវិភាគហានិភ័យចំនួន១៣ទំព័រសម្រាប់ការការពារស៊ីវិលដែលសន្មតថាបានរៀបចំសម្រាប់សភាអាល្លឺម៉ង់។
យោងតាមកាសែតនេះបានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងស្ថិតក្នុងចំណោមគោលដៅ កំពូលនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារ របស់រុស្ស៊ីលើអង្គការណាតូ ដោយក្រុមមន្ត្រីបានអះអាងថា ហានិភ័យបែបនេះ “អាចជឿបាន” ។
ដំណាក់កាលដំបូង នៃការវាយប្រហារ ដោយទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មានមិនពិត ដែលមានបំណងបែងចែក ប្រជាជនអាល្លឺម៉ង់ និងធ្វើឱ្យសង្គមមានអស្ថិរភាព ។ លើសពីនេះ រុស្ស៊ីនឹងធ្វើការវាយប្រហារ តាមអ៊ីនធឺណិតលើហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ។
យោងតាមកាសែត Bild ដដែល, វិមានក្រឹមឡាំង នឹងដាក់ពង្រាយកងទ័ព ទៅកាន់ព្រំដែន ជាមួយអង្គការណាតូ ដែលជាការផ្លាស់ប្តូរមួយ ដែលត្រូវបានឆ្លុះបញ្ចាំង ដោយប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក ។ កាសែតបានអះអាងថា ការវាយប្រហារតាមអ៊ីនធឺណិត និងការបំផ្លិចបំផ្លាញ នៅលើដីអាល្លឺម៉ង់ នឹងកើតឡើងស្របគ្នានឹងបញ្ហានេះ ដោយផ្កាយរណប ក៏បានកំណត់គោលដៅផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយ របស់អាល្លឺម៉ង់មួយនេះ បានសរសេរទៀតថា ដំណាក់កាលទី៣ គឺ នឹង រួមបញ្ចូល “ការវាយប្រហារជាមួយ នឹងការជ្រើសរើស ដោយអាវុធធម្មតា និងមធ្យោបាយមិនសាមញ្ញ ក៏ដូចជាកំណត់លើគោលដៅ នៅលើក្នុងបូរណភាពទឹកដី នៃប្រទេសអាល្លឺម៉ង់” ៕
ប្រែសម្រួលៈ ណៃ តុលា