សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានឲ្យដឹងថា ប្រទេសរបស់លោក និងប្រទេសជប៉ុន អាចបើកអនាគតថ្មីជាមួយគ្នា ប្រសិនបើប្រទេសទាំងពីរបន្តកសាងទំនុកចិត្ត និងដោះស្រាយបញ្ហាប្រឈមដ៏លំបាក ដែលបន្សល់ទុកដោយប្រវត្តិសាស្ត្រ។
ការកត់សម្គាល់របស់លោក Yoon ធ្វើឡើងនៅក្នុងពិធីរបស់រដ្ឋាភិបាលដើម្បីរំលឹកដល់ចលនាឯករាជ្យឆ្នាំ១៩១៩ ប្រឆាំងនឹងការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន បានធ្វើឡើងបន្ទាប់ពីទីក្រុងតូក្យូ កាលពីខែមុន បានធ្វើការតវ៉ាជាមួយទីក្រុងសេអ៊ូល ជុំវិញការផ្ទេរប្រាក់ ដែលដាក់ដោយក្រុមហ៊ុនជប៉ុន មួយទៅកាន់តុលាការដើម្បីប្រគល់ ទៅឱ្យដើមបណ្តឹងកូរ៉េខាងត្បូង នៅក្នុង បណ្តឹងការងារក្នុងសម័យសង្គ្រាម។
លោកប្រធានាធិបតី មិនបានសំដៅលើបញ្ហាពលកម្ម ដោយបង្ខំក្នុងសម័យសង្រ្គាម ដែលកើតចេញពីការគ្រប់គ្រង អាណានិគម របស់ជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េនោះទេ ហើយបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានក្លាយជាដៃគូ ដោយផ្អែកលើតម្លៃរួម និងការស្វែងរកផលប្រយោជន៍រួម។
លោក Yoon បានឲ្យដឹងនៅក្នុងពិធីនេះថា “ប្រសិនបើកូរ៉េ និងជប៉ុន កសាងទំនុកចិត្តតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ហើយធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏លំបាក ដែលប្រវត្តិសាស្ត្របានបន្សល់ទុកយើង នោះយើងនឹងអាចឈានទៅរកអនាគតដ៏ភ្លឺស្វាងថ្មី សម្រាប់ទំនាក់ទំនងទ្វេភាគី របស់យើង” ។
ទំនាក់ទំនងទ្វេភាគីមានកម្រិតទាប បន្ទាប់ពីតុលាការកំពូល របស់ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨ បានតម្កល់ដីកាក្នុងសាលក្រមដាច់ដោយឡែក ពីគ្នាប្រឆាំងនឹងក្រុមហ៊ុន Nippon Steel Corp. ដែលបន្ទាប់មកបានដាក់ឈ្មោះថា Nippon Steel & Sumitomo Metal Corp. និង Mitsubishi Heavy Industries Ltd. ដែលតម្រូវឱ្យពួកគេបង់ថ្លៃខូចខាត សម្រាប់ពលកម្មដោយបង្ខំក្នុងអំឡុងពេល សម័យអាណានិគម៕
ប្រែសម្រួល ឈូក បូរ៉ា