បង់ដាសេរី បេហ្គាវ៉ាន់៖ យោងតាមរបាយការណ៍ផ្លូវការ ចុងក្រោយដែលចេញផ្សាយដោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេស ប្រុយណេ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេ នៅក្នុងឆ្នាំ២០២៣ បានកើនឡើង១,៤ភាគរយប៉ុណ្ណោះ ដែលត្រូវបានសន្មត់ថា មានការកើនឡើងនៅក្នុងវិស័យមិនមែនប្រេង និងឧស្ម័ន គឺចំនួន៤,៥ភាគរយ ។
នៅបច្ចុប្បន្នតម្លៃនៃផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) ប្រចាំឆ្នាំ២០២៣ មានតម្លៃ ២០,៣ពាន់លានដុល្លារប្រ៊ុយណេ ស្មើនឹងប្រហែល ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយវិស័យមិនមែនប្រេង និងឧស្ម័ន គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវ សូចនាករសេដ្ឋកិច្ចជាវិជ្ជមាន របស់ប្រទេសប្រ៊ុយណេនៅក្នុងឆ្នាំ២០២៣ នេះបើតាមយោងតាមរបាយការណ៍ បានមកពីនាយកដ្ឋានផែនការសេដ្ឋកិច្ច និងស្ថិតិនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រ៊ុយណេបានបង្ហាញឲ្យដឹងដូច្នេះ ។
វិស័យមិនមែនប្រេង និងឧស្ម័នត្រូវបានជំរុញដោយ ការកើនឡើងនៃអនុវិស័យ ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួន ៧៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្នែកហិរញ្ញវត្ថុមានចំនួន ៣៧,៤ភាគរយ និងវិស័យសំណង់មានចំនួន ៧,៥ភាគរយ ។
ទន្ទឹមនឹងនេះដែរ វិស័យប្រេង និងឧស្ម័នបានកត់ត្រាដោយមានការថយចុះចំនួន ២.០ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលរួមមានការជីករុករករ៉ែ និងឧស្ម័ន និងការផលិតឧស្ម័នធម្មជាតិរាវ ហៅកាត់ថា (LNG) ដែលជាអនុវិស័យផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា