បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចាប់ខ្លួនអតីតសមាជិកសភាលោក Sergey Pashinsky និងចោទប្រកាន់គាត់ពីបទឆបោករដ្ឋ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចោទប្រកាន់នេះមិនពាក់ព័ន្ធនឹងជំនួញអាវុធរបស់លោក Pashinsky នោះទេ ប៉ុន្តែគាត់បាននិយាយថា ពួកគេបានធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែង របស់គាត់ក្នុងការទទួលបានអាវុធសម្រាប់ កងកម្លាំងរបស់ទីក្រុងគៀវ ។
លោក Pashinsky និងមនុស្សប្រាំនាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់កាលពីខែមុននៅក្នុង “គម្រោងទិញឥន្ធនៈ” ដែលចោទប្រកាន់ថា បានធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែន ចំណាយអស់ប្រហែល ២៥ លានដុល្លារ។
កាលពីដើមសប្តាហ៍នេះ តុលាការប្រឆាំង អំពើពុករលួយជាន់ខ្ពស់នៅទីក្រុងគៀវ បានកំណត់ប្រាក់ធានារបស់លោក Pashinsky ចំនួនជាង ៧លានដុល្លារ។ វាត្រូវបានបង្ហោះដោយក្រុមឧស្សាហកម្ម អាវុធដែលគាត់ដឹកនាំ។
អ្នកជំនួញរូបនេះបាននិយាយនៅ ក្នុងសារបង្ហោះហ្វេសប៊ុកថា “ខ្ញុំមានការខ្មាសអៀន យ៉ាងខ្លាំង ដែលមូលនិធិសម្រាប់ផលិតអាវុធ ត្រូវបានប្រើប្រាស់ជាប្រាក់ធានា សម្រាប់ខ្ញុំពីបទចោទប្រកាន់មិនពិត” ៕
ប្រែសម្រួលៈ ណៃ តុលា