ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល សន្យាថា នឹងស៊ើបអង្កេតឲ្យច្បាស់ ពីការស្លាប់ របស់ជនជាតិប៉ាឡេស្ទីន ក្នុងអំឡុងពេលឈរតម្រង់ ជួរមកទទួលអំណោយមនុស្សធម៌ នៅតំបន់ហ្គាហ្សា

រូបភាព៖Afp

យេរ៉ូសាឡឹម៖ កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអ៊ែល បានសន្យាថា នឹងមានការស៊ើបអង្កេតយ៉ាងពេញលេញ និងពិតប្រាកដលើការស្លាប់របស់ជនជាតិប៉ាឡេស្ទីនដែលកំពុងតម្រង់ជួរសុំជំនួយនៅតំបន់ហ្គាហ្សានៅក្នុងសប្តាហ៍នេះ ដែលជាឧបទ្ទវហេតុមួយដែលបានធ្វើឱ្យមានការថ្កោលទោស និងអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ ។
អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា មនុស្សចំនួន១១៨នាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃព្រហស្បតិ៍ដោយសន្មតថា ការស្លាប់ដោយសារការបាញ់របស់អ៊ីស្រាអ៊ែល ហើយបានហៅករណីនេះថា ជាការសម្លាប់រង្គាល ។

អ៊ីស្រាអ៊ែល បានជំទាស់នឹងតួលេខទាំងនោះ ហើយបានលើកឡើងថា ជនរងគ្រោះភាគច្រើនត្រូវបានជាន់ឈ្លី ឬរត់ពីលើ ខណៈក្រុមមនុស្សបានចោមរោមរថយន្តជំនួយ ។ មន្ត្រីអ៊ីស្រាអ៊ែល ម្នាក់ក៏បាននិយាយផងដែរថា ទាហានបានធ្វើ “ការឆ្លើយតបវិញនៅមានកម្រិត” ក្រោយមកបានបាញ់ទៅក្រុមមនុស្សដែលពួកគេគិតថា បានបង្កការគំរាមកំហែង ។

អ្នកនាំពាក្យយោធា លោកឧត្តមនាវីទោ Daniel Hagari បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុង Tel Aviv ថា “យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ យើងមានឯកសារទាំងអស់ដែលយើងត្រូវការ ដើម្បីអនុវត្តការស៊ើបអង្កេតយ៉ាងពេញលេញ និងពិតប្រាកដចំពោះការពិតនៃឧប្បត្តិហេតុនេះ ហើយយើងនឹងបង្ហាញការរកឃើញរបស់យើង” ។

លោក Hagari បានបញ្ជាក់ថា “វាគឺជាប្រតិបត្តិការមនុស្សធម៌ដែលយើងកំពុងដំណើរការ ហើយធ្វើការអះអាងថា យើងបានវាយប្រហារដោយចេតនាលើក្បួនរថយន្ត និងបង្កគ្រោះថ្នាក់ដល់មនុស្សដោយចេតនា គឺគ្មានមូលដ្ឋានទាំងស្រុង” ។ លោកបានលើកឡើងទៀតថា វាជាប្រតិបត្តិការលើកទី៤នៅក្នុងតំបន់នោះ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top