ព័ត៌មានអន្តរជាតិ

សមាជិក OPEC + បន្តកាត់បន្ថយទិន្នផលប្រេង សម្រាប់ត្រីមាសទី២

AFP

វីយែន៖ សមាជិកអង្គការ OPEC + ជាច្រើនបានប្រកាស អំពីការពន្យារពេល នៃការកាត់បន្ថយទិន្នផលប្រេង នៅក្នុងត្រីមាសទីពីរ ដើម្បីគាំទ្រដល់ “ស្ថិរភាព និងតុល្យភាព នៃទីផ្សារប្រេង” ។

អង្គការ OPEC+ គឺជាក្រុមអ្នកផលិតប្រេង ដែលរួមមានប្រទេសជាសមាជិក នៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

OPEC បានឲ្យដឹងកាលពីយប់ថ្ងៃអាទិត្យថា លេខាធិការដ្ឋានរបស់ខ្លួន “បានកត់សម្គាល់សេចក្តីប្រកាស” នៃបណ្តាប្រទេស OPEC + មួយចំនួន ដែលបន្តកាត់បន្ថយ ការស្ម័គ្រចិត្តបន្ថែមចំនួនសរុប ២,២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទីពីរ នៃឆ្នាំ២០២៤ ។

ការកាត់បន្ថយនេះត្រូវបានដកចេញ ពីកូតាដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ OPEC+ ក្នុងខែមិថុនា ឆ្នាំ២០២៣។ ពួកគេបន្ថែមពីលើការកាត់បន្ថយទិន្នផល ដោយស្ម័គ្រចិត្ត ដែលបានប្រកាសដោយបណ្តាប្រទេស OPEC+ កាលពីខែមេសាឆ្នាំមុន ហើយក្រោយមកបានបន្ត រហូតដល់ចុងឆ្នាំ២០២៤ ។

កាលពីខែវិច្ឆិកាឆ្នាំមុន អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងប្រទេសមួយចំនួនទៀត របស់អង្គការ OPEC+ បានប្រកាសកាត់បន្ថយផលិតកម្ម ស្ម័គ្រចិត្តដែលសរុបប្រហែល ២,២លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទីមួយ នៃឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top