ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ និយាយអំពីសំឡេងបែកធ្លាយ រវាងមន្ត្រីទ័ពអាកាសអាល្លឺម៉ង់ ចំពោះការវាយប្រហារ ស្ពានគ្រីមៀ នៅរុស្ស៊ី

RT News

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់លោក Boris Pistorius បានព្យាយាមគេចចេញ ពីភាពចម្រូងចម្រាសជុំវិញ ការថតសំឡេង របស់មន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ Bundeswehr និយាយអំពីការវាយប្រហារ ដែលអាចកើតមាននៅលើស្ពាន គ្រីមៀ ដោយពីការលេចធ្លាយ នៃខ្សែអាត់ដែលកើតចេញពី “សង្រ្គាមព័ត៌មាន” របស់រុស្ស៊ីប្រឆាំងនឹងលោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យនៅទីក្រុងប៊ែរឡាំង លោក Pistorius បានផ្តោតលើប្រភព នៃការលេចធ្លាយ ជាជាងខ្លឹមសារ នៃការសន្ទនាក្នុងខ្សែអាត់នោះ ដោយបន្ទោសឧបទ្ទវហេតុនេះ ទៅលើប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។ ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បាននិយាយថា “វាគឺជាផ្នែកមួយនៃសង្រ្គាមព័ត៌មានដែលពូទីនកំពុងធ្វើ” ។ “គ្មានការសង្ស័យទេអំពីរឿងនោះ។ វាគឺជាការវាយប្រហារចម្រុះ ដែលមានគោលបំណង ទៅលើព័ត៌មានមិនពិត»។

លោក Pistorius បានបន្ថែមថា ការលេចធ្លាយនេះមានគោលបំណងបង្កើត ការបែកបាក់គ្នា ក្នុងប្រទេសអាល្លឺម៉ង់ ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ទីក្រុងប៊ែរឡាំងគឺជាអ្នកគាំទ្របរទេសដ៏ធំបំផុតរបស់ទីក្រុងគៀវ ទោះបីជាអធិការបតី គឺលោក Olaf Scholz មានការស្ទាក់ស្ទើរក្នុងការបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយសារការព្រួយ បារម្ភថា អាវុធបែបនេះអាចបង្កឱ្យមានជម្លោះ ដោយផ្ទាល់រវាងអាល្លឺម៉ង់ និងរុស្ស៊ី។

សំឡេងលេចធ្លាយ ដែលចេញផ្សាយដោយនិពន្ធនាយកសារព័ត៌មាន RT លោក Margarita Simonyan កាលពីថ្ងៃសុក្រ គឺបានមកពីការសន្ទនារវាងមន្ត្រីទ័ពអាកាសអាល្លឺម៉ង់បួននាក់ រួមទាំងមេបញ្ជាការសាខាកងទ័ព Bundeswehr ឧត្តមសេនីយ៍ឯក Ingo Gerhartz ផងដែរ ។ មន្ត្រីបានពិភាក្សាលម្អិត អំពីប្រតិបត្តិការ និងការកំណត់គោលដៅ សម្រាប់កាំជ្រួច Taurus ដែលអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែន រួមទាំងការប្រើប្រាស់ ដែលអាចកើតមានប្រឆាំងនឹងស្ពាន គ្រីមៀ ។ ពួកគេក៏បាននិយាយ អំពីវិធីដើម្បីរក្សាការបដិសេធ ដែលអាចជឿទុកចិត្ត បាននៃការចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងការវាយប្រហារបែបនេះ ដើម្បីជៀសវាងការបង្ក ឱ្យមានជម្លោះកាន់តែទូលំទូលាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top