បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់អាល្លឺម៉ង់ គឺ លោក Karl Lauterbach បាននិយាយថា ប្រទេសអាល្លឹម៉ង់ ត្រូវតែកែលម្អប្រព័ន្ធថែទាំសុខភាព របស់ខ្លួន ដើម្បីអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះស្ថានភាពវិបត្តិ ដូចជាជំងឺរាតត្បាតថ្មី ឬជម្លោះយោធា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនយោបាយគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានប្រាប់កាសែត Neue Osnabrucker Zeitung នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ច្បាប់សម្រាប់កំណែទម្រង់ ដែលរំពឹងថានឹងត្រូវបានបង្ហាញ នៅរដូវក្តៅនេះនឹងក្លាយជា “ចំណុចរបត់មួយ សម្រាប់ប្រព័ន្ធថែទាំសុខភាព” ។
ទោះបីជា “សម្ព័ន្ធពន្លឺចរាចរណ៍” ដែលកំពុងកាន់អំណាចបានជំរុញ ឱ្យមានកំណែទម្រង់រួចហើយ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា ជាមួយនឹងជម្លោះអ៊ុយក្រែន បញ្ហាប្រឈមគឺកាន់តែសំខាន់ ។
លោក Lauterbach បានពន្យល់ថា ក្នុងករណីមានវិបត្តិ គ្រូពេទ្យគ្រប់មន្ទីរពេទ្យ គ្រប់អាជ្ញាធរសុខាភិបាល ត្រូវដឹងថាត្រូវធ្វើយ៉ាងណា។ យើងត្រូវការទំនួលខុសត្រូវ ច្បាស់លាស់ជាឧទាហរណ៍ សម្រាប់ការបែងចែកអ្នករបួសច្រើនក្នុងចំណោមគ្លីនិក ក្នុងប្រទេសអាឡឺម៉ង់” ។
លោករដ្ឋមន្ត្រីបាននិយាយថា មន្ទីរពេទ្យក៏ ត្រូវតែធ្វើសមយុទ្ធផងដែរ ដើម្បីអនុវត្តការឆ្លើយតប របស់ពួកគេចំពោះគ្រោះមហន្តរាយ ដោយច្រានចោលការចោទ ប្រកាន់អំពីការបំភ័យ ដោយលើកហេតុផលថា “ការធ្វើអ្វីមិនមែនជាជម្រើស”៕
ប្រែសម្រួលៈ ណៃ តុលា