ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារ ដែនអាកាសរុស្ស៊ី បំផ្លាញយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ៣៨គ្រឿង ដែលប៉ុនប៉ងវាយប្រហារ តំបន់គ្រីមៀ

Sputnik

បរទេស៖ ទីក្រុងមូស្គូ បានប្រកាស កាលពីព្រឹកថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមការវាយឆ្មក់ នៅពេលយប់ដោយសម្របសម្រួលថ្មី មួយប្រឆាំងនឹងឧបទ្វីបគ្រីមៀ ដែលយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារ ដែនអាកាសរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិ បាននិយាយនៅក្នុងការជូនដំណឹងខ្លីមួយថា “ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្ម ដោយប្រើយន្តហោះគ្មានមនុស្ស បើកចំនួន៣៨គ្រឿង គឺត្រូវបានរារាំង” ដោយបន្ថែមថា គោលដៅអរិភាពទាំងអស់ត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាស ។

មិនមានរបាយការណ៍ អំពីការខូចខាត ឬរបួសនៅលើដីនោះទេ ហើយវានៅមិនទាន់ច្បាស់ថា តើយន្តហោះគ្មានមនុស្ស បើកត្រូវបានស្ទាក់ចាប់ បាននៅទីកន្លែងណា ។ នៅពេលយប់ អាជ្ញាធររុស្ស៊ីបានប្រកាសបិទផ្នែកជាច្រើន នៃផ្លូវហាយវេដែលឆ្ពោះទៅដល់ស្ពានគ្រីមៀ ក៏ដូចជាផ្លូវឆ្លងកាត់ផងដែរ។

ឧបទ្វីប គ្រីមៀ ដែលជាទីតាំងមូលដ្ឋានទ័ពជើងទឹក ដ៏សំខាន់របស់រុស្ស៊ី គឺជាគោលដៅជាញឹកញាប់ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ុយក្រែន។ អ៊ុយក្រែនក៏បានប្រើប្រាស់យានគ្មានមនុស្សបើកក្នុងសមុទ្រដើម្បីវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់រុស្ស៊ីនៅទីក្រុង Sevastopol ជាច្រើនលើកច្រើនសារ ។ យានគ្មានមនុស្សបើកតាមសមុទ្របានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមទាំងស្ពានគ្រីមៀ ប្រវែង ១៩ គីឡូម៉ែត្រ ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារ ក្នុងខែកក្កដា ប៉ុន្តែក្រោយមកត្រូវបានជួសជុល និងបើកឡើងវិញទាំងស្រុង នៅក្នុងខែតុលា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top