រ៉ងហ្គូន៖ ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្រ្ត បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ា រកចំណូលបានចំនួន៣ លានដុល្លារពីការនាំចេញទឹកឃ្មុំចំនួន២.០០៦តោននៅក្នុងរយៈពេល ១១ខែនៃឆ្នាំសារពើពន្ធ២០២៣-២០២៤ ។
នាយកដ្ឋានបសុព្យាបាល ចំណុះឲ្យក្រសួងខាងលើបានបញ្ជាក់ថា “យើងរំពឹងថា នឹងនាំចេញទឹកឃ្មុំបាន២.៣០០តោន ក្នុងឆ្នាំសារពើពន្ធនេះ ។ វាត្រូវបានគេរំពឹងថា នឹងនាំចេញទឹកឃ្មុំបាន៣០០តោននៅក្នុងខែមីនានេះ ជាខែដែលនៅសល់នៃឆ្នាំ សារពើពន្ធ ២០២៣-២០២៤ ។
ក្រសួងបានឲ្យដឹងទៀតថា ការនាំចេញទឹកឃ្មុំ បានកើនឡើង២៤ភាគរយ នៅក្នុងឆ្នាំសារពើពន្ធនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
លោក U Maung Tint បានលើកឡើងថា ដើម្បីអភិវឌ្ឍវិស័យចិញ្ចឹមឃ្មុំ ការចែកចាយឃ្មុំដែលជាម្ចាស់ក្សត្រី (សត្វឃ្មុំមេ)ដែលមានសមត្ថភាព សកម្មភាពទាក់ទងនឹងការគ្រប់គ្រង និងបង្ការជំងឺ ការគ្រប់គ្រងឃ្មុំ និងការអប់រំស្តីពីសុវត្ថិភាពចំណីអាហារ និងការចិញ្ចឹមឃ្មុំត្រូវបានអនុវត្ត ។
លោកបានបន្ថែមឲ្យដឹងថា លើសពីនេះទៅទៀត ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ត្រូវបានផ្តល់ជូនដើម្បីផលិតទឹកឃ្មុំ ឲ្យមានគុណភាពល្អ ។
លោកបានពន្យល់ថា ជាលទ្ធផល គុណភាព និងបរិមាណនៃទឹកឃ្មុំនឹងប្រសើរឡើង ហើយកាន់តែច្រើននឹងត្រូវនាំចេញ ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ផលិតទឹកឃ្មុំបានជាង៥.០០០តោន ដែលបានមកពីសត្វឃ្មុំ ជាង២០០.០០០ នៅក្នុងឆ្នាំសារពើពន្ធនេះ ហើយទឹកឃ្មុំចំនួន២.០០៦តោន ត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុន ថៃឡង់ដ៏ ចិន អារ៉ាប៊ីសាអូឌីត និងសិង្ហបុរី ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា