ព័ត៌មានអន្តរជាតិ

ហៃទី ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ក្រោយគុកធំ២ ត្រូវបានគេវាយបំបែកជោគជ័យ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរបស់ប្រទេសហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេលបីថ្ងៃ និងបម្រាមគោចរពេលយប់ បន្ទាប់ពីក្រុមក្មេងទំនើងប្រដាប់អាវុធ បានវាយលុកពន្ធនាគារដ៏ធំបំផុតចំនួនពីរ របស់ប្រទេសការាបៀនកាលពីចុងសប្តាហ៍ ដែលអនុញ្ញាតឱ្យអ្នកទោស រាប់ពាន់នាក់រត់គេចខ្លួន។

ប្រភពដដែលបានឲ្យដឹងដែរថា មេ​ដឹក​នាំ​ក្រុម​ទំនើង​កំពុង​ទាមទារ​ ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Ariel Henry លាលែង​ពី​តំណែងខណៈដែលបច្ចុប្បន្ន លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នៅ​ប្រទេស​កេនយ៉ា។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកពន្ធនាគារដែលត្រូវបានវាយលុក គឺជាពន្ធនាគារជាតិរបស់ប្រទេសហៃទី នៅក្នុងរដ្ឋធានី Port-au-Prince និងមួយទៀតនៅ Croix-des-Bouquets ដែលស្ថិតក្បែរនោះផងដែរ។

គួរឲ្យដឹងដែរថា ស្ទើរតែទាំងអស់នៃ អ្នកទោសប្រមាណ ៤០០០នាក់ នៅឯកន្លែងស្នាក់នៅក្នុងទីក្រុង Port-au-Prince ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនហើយយ៉ាងហោចណាស់មនុស្ស ១២នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ រួមទាំងមន្រ្តីប៉ូលីសផងដែរ ក្នុងអំឡុងពេលនៃការវាយប្រហារនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top