សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំមួយ ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការបាញ់មីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ដោយកូរ៉េខាងជើង ចាប់តាំងពីចុងខែមករា។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នៅក្នុងសមយុទ្ធរួម Freedom Shield ដែលនឹងប្រព្រឹត្តទៅរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែមីនា សម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធ ៤៨លើក ដែលកើនឡើងទ្វេដងកាលពីឆ្នាំមុន ដោយសារបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល ដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងជើង។
JCS និងកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនថា ការផ្តោតសំខាន់នៃសមយុទ្ធនេះ គឺដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ដោយប្រើកងកម្លាំងនៅក្នុងដែនគោក សមុទ្រ ដែនអាកាស អ៊ិនធឺណិត និងអវកាស។
សមយុទ្ធនេះនឹងផ្អែកលើសេណារីយ៉ូ ដែលរួមមានការរកឃើញ និងការបាញ់ទម្លាក់មីស៊ីលឆ្លងទ្វីប ដែលកូរ៉េខាងជើង បានបាញ់ម្តងហើយម្តងទៀតចាប់តាំងពីចុងខែមករា នេះបើយោងតាមយោធាកូរ៉េខាងត្បូង។
សមយុទ្ធយោធាទ្រង់ទ្រាយធំត្រូវបានផ្អាកក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីលោក មូន ជេអ៊ីន ដែលផ្តល់អាទិភាពដល់ការកែលម្អទំនាក់ទំនងអន្តរកូរ៉េ ប៉ុន្តែលោកប្រធានាធិបតីលោក Yoon Suk Yeol ដែលបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២២ បានបន្តសមយុទ្ធ Freedom Shield កាលពីឆ្នាំមុន បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា