បរទេស៖ សារព័ត៌មាន Nikkei Asia បានផ្សាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី អំពីការអញ្ជើញប្រទេសជប៉ុន ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ អាវុធក្រោមភាពជាដៃគូសន្តិសុខ AUKUS ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសជាផ្លូវការនៃភាពជាដៃគូនេះត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើឡើងក្នុង អំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅខែក្រោយ ដោយកត់សម្គាល់ថា ប្រទេសជប៉ុននឹងក្លាយជាប្រទេសដំបូងគេ ដែលត្រូវបានអញ្ជើញឱ្យធ្វើការ ជាមួយក្របខ័ណ្ឌចែករំលែកបច្ចេកវិទ្យាយោធាត្រីភាគី AUKUS ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយ អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
របាយការណ៍នេះបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមានការពិភាក្សាអំពីប្រទេសជប៉ុន ដែលក្លាយជាសមាជិកផ្លូវការនៃក្រុមនេះទេ ហើយការចូលរួមរបស់ជប៉ុន ត្រូវបានកំណត់ចំពោះគម្រោងជាក់លាក់មួយ ដែលទាក់ទងទៅ នឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិទំនើប ក្រោមអ្វីដែលហៅថា Pillar 2 របស់ប្លុក ។
នៅក្រោមកតិកាសញ្ញា AUKUS, Pillar 1 ត្រូវបានឧទ្ទិសដល់ការជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរធម្មតា ខណៈដែល Pillar 2 ផ្តោតលើការអភិវឌ្ឍ និងការចែករំលែកបច្ចេកវិទ្យាទំនើបជាមួយនឹងសមត្ថភាពប្រយុទ្ធដូចជា បញ្ញាសិប្បនិម្មិត ការគណនាចំនួន, យានគ្មានមនុស្សបើកក្រោមសមុទ្រ មីស៊ីលល្បឿនលឿនជាងសំឡេង និង បច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិច៕
ប្រែសម្រួលៈ ណៃ តុលា