ហ្លួងប្រាបាង៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេសឡាវ កាលពីថ្ងៃអង្គារ ក្នុងអ្វីដែលត្រូវ បានគេមើលឃើញថា ជាសញ្ញានៃឆន្ទៈរបស់ របបយោធាក្នុងកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់។
វាជាលើកទីពីរនៅឆ្នាំនេះសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំធំមួយនៃសមាគមប្រទេសអាស៊ានទាំង១០។ របបយោធាដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ពីមុនបានធ្វើពហិការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន បន្ទាប់ពីសមាជិកផ្សេងទៀត បានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឱ្យមានតែតំណាងមិនមែននយោបាយមកពីប្រទេសនេះ។
យោងតាមប្រភពការទូតបានឲ្យដឹងថា តំណាងមីយ៉ាន់ម៉ាដែលបានចូល រួមកិច្ចប្រជុំប្រចាំឆ្នាំ របស់រដ្ឋមន្ត្រីការពារជាតិ កាលពីថ្ងៃអង្គារគឺលោក Zaw Naing Win អគ្គនាយកនៃនាយកដ្ឋានកិច្ចការ អន្តរជាតិនៃក្រសួងការពារជាតិ។
កាលពីចុងខែមករា មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាន ផ្សេងទៀតបានជួបពិភាក្សាគ្នានៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាំវ និងបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌មួយ ដើម្បីផ្តល់ជំនួយដល់ជនស៊ីវិល ដែលភៀសខ្លួនដោយសារសង្គ្រាមស៊ីវិល ដែលកំពុងកើនឡើងរបស់ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការពារជាតិថៃ លោក Sutin Klungsang បានប្រាប់កាសែតក្យូដូជប៉ុន ឲ្យដឹងថា ការចូលរួមរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ នឹងមានអត្ថប្រយោជន៍ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់៕
ប្រែសម្រួល ឈូក បូរ៉ា