នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន យកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។
បច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅកាលពីឆ្នាំមុន វាស្របតាមការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមកនូវសញ្ញាវិជ្ជមានដល់ពិភពលោកផងដែរ ។
ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា ការកំណត់គោលដៅនេះនឹងមានអំណោយផលដល់ប្រទេសចិនក្នុងការសម្រេចជាមូលដ្ឋាននូវទំនើបកម្មនៅឆ្នាំ ២០៣៥ ។
ឥស្សរជនអ្នកវិភាគបានលើកឡើងថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលលឿនជាងល្បឿនកំណើនសេដ្ឋកិច្ច ២,៥ ភាគរយ របស់អាមេរិក ល្បឿនកំណើន ០,៥ ភាគរយ របស់តំបន់ប្រើប្រាក់អឺរ៉ូនិងល្បឿនកំណើន ១,៩ ភាគរយ របស់ជប៉ុន ។ ដោយគិតពិចារណាពីកត្តាមូលដ្ឋានខ្ពស់ ការកំណត់គោលដៅនៃល្បឿនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ វាកាន់តែមានភាពស្ទុះស្ទានិងការហ៊ានដើរឆ្ពោះទៅមុខថែមទៀត ។
គោលដៅបានកំណត់ច្បាស់លាស់ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា ? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងការជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្តស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើនតាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុកនិងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជាដើម ។ បើមើលពីផែនទីបង្ហាញផ្លូវទាំងនេះអាចឃើញថា អ្នកផងទាំងពួងមានការយល់ដឹងកាន់តែជាក់ស្តែងចំពោះ”ឱកាសចិន” ។
ក្នុងនោះ “កម្លាំងផលិតកម្មគុណភាពថ្មី”គឺជាពាក្យពេញនិយម ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា វិស័យដែលមានសក្តានុពលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះនឹងក្លាយជាកត្តាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដែលមានន័យថា ប្រទេសចិននឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើរូបមន្តអភិវឌ្ឍន៍”ប្រកបដោយភាពច្នៃប្រឌិតថ្មី” ។
ព្រមពេលជាមួយគ្នានេះ របាយការណ៍នេះបានគ្រោងផែនការជាក់លាក់ចំពោះ ឧស្សាហកម្មងើបឡើងថ្មី ឧស្សាហកម្មអនាគត ការឆ្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល ។ អ្នកវិភាគបានលើកឡើងថា មុខរបរដូចជា ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិម្មិត ផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសុខាភិបាលជាដើមគឺជាវិស័យសំខាន់ៗដែលទុនបរទេសមួយចំនួនកំពុងបង្កើនការវិនិយោគនៅប្រទេសចិននាពេលបច្ចុប្បន្ន ។ នៅពេលអនាគត កាលានុវត្តភាពច្នៃប្រឌិតថ្មីដែលសហគ្រាសពហុជាតិក្តាប់ជាប់នៅប្រទេសចិននឹងកាន់តែច្រើនឡើងៗ ។
ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើមដល់ការពង្រីកការលើកទឹកចិត្តឱ្យអ្នកវិនិយោគបរទេសបណ្តាក់ទុន រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ វិធានការស្តីពីការពង្រីកការបើកទូលាយជាច្រើនដែលបានកំណត់ក្នុងរបាយការណ៍នេះបានបង្កើនជំនឿចិត្តរបស់សហគ្រាសពហុជាតិ ។
ក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចមួយចំនួនបាននិងកំពុងបង្កើត”របងការពារ”និង”កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់”នាពេលបច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសជាបន្តបន្ទាប់ដែលបានបំពេញបន្ថែមនូវស្ថិរភាពដ៏កម្រមានដល់ពិភពលោក ។
ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិនបានចេញផ្សាយ《របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤》ដោយបង្ហាញថា ការប៉ាន់ប្រមាណរបស់សហគ្រាសអាមេរិកនៅប្រទេសចិនចំពោះអនាគតអភិវឌ្ឍន៍របស់ចិនក្នុងឆ្នាំ ២០២៣ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយសហគ្រាសអាមេរិកដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៥០ ភាគរយចាត់ទុកប្រទេសចិនថាជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់៣លេខខាងមុខលើទូទាំងពិភពលោក ។
ចិនបាននិងកំពុងផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន នេះគឺជាពាក្យសន្យារបស់ចិន ហើយក៏ប្រាកដជាការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនផងដែរ ៕