បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាសមយុទ្ធយោធា “ដែលព្រហើន” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះសំដៅទៅលើសមយុទ្ធ Freedom Shield ប្រចាំឆ្នាំដែលបានចាប់ផ្តើមនៅឧបទ្វីបកូរ៉េកាលពីថ្ងៃចន្ទ ហើយនឹងមានរយៈពេល ១១ ថ្ងៃ។ សមយុទ្ធនៅឆ្នាំនេះពាក់ព័ន្ធនឹងចំនួនកងទ័ពកើនឡើងទ្វេដង ។
អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល លោក Lee Sung-jun បាននិយាយកាលពីសប្តាហ៍មុនថា សមយុទ្ធនេះនឹងផ្តោតលើការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ការគ្រាប់គ្រាប់ពិត ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការស្ទាក់ចាប់មីស៊ីល។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកាសែតគណបក្សកាន់អំណាច Rodong Sinmun, ទីក្រុងព្យុងយ៉ាងបានពណ៌នាសមយុទ្ធនេះថាជា “ការកើនឡើងបន្ថែមទៀតនៃការគំរាមកំហែងផ្នែកយោធា” និងជា “ការប៉ុនប៉ងឈ្លានពាន” ប្រឆាំងនឹងប្រទេសអធិបតេយ្យមួយ។ សេចក្តីថ្លែងការណ៍ បានព្រមាន “យ៉ាងម៉ឺងម៉ាត់” ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យបញ្ឈប់សកម្មភាព “បង្កហេតុ និងអស្ថិរភាព” បន្ថែមទៀត និងបានបន្ថែមថា៖ «សង្គ្រាមនុយក្លេអ៊ែរអាចនឹងត្រូវឆាបឆេះឡើង ដោយសារកម្ទេចភ្លើងតូចមួយ»៕ ប្រែសម្រួលៈ ណៃ តុលា