ព័ត៌មានអន្តរជាតិ

វៀតណាម ៖ បុរសម្នាក់ដែលឡាយផ្ទាល់ ប្រាប់ពីទីតាំងប៉ូលីស ពិនិត្យជាតិអាល់កុល ត្រូវបានផាកពិន័យអស់ ៣០៤ដុល្លារ

បរទេស៖ បុរសម្នាក់នៅខេត្ត Quang Binh គឺត្រូវបានពិន័យជាប្រាក់ ចំនួន ៧,៥ លានដុង ស្មើនឹង ៣០៤ ដុល្លារ ចំពោះការឡាយហ្វេសប៊ុក រយៈពេលកន្លះម៉ោង ដើម្បីបង្ហាញពីទីតាំង នៃប៉ុស្តិ៍ត្រួតពិនិត្យជាតិ អាល់កុល របស់ប៉ូលីសចរាចរណ៍ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសវ័យ៥៤ឆ្នាំរូបនេះ ត្រូវបាននគរបាលស្រុក Bo Trach ផាកពិន័យពីបទ «ប្រមូល, ដំណើរទិន្នន័យ និងប្រើប្រាស់ព័ត៌មានរបស់អង្គការ ឬបុគ្គល ដោយមិនមានការយល់ព្រម ឬក្នុងគោលបំណងខុស»។

កាលពីថ្ងៃទី១ ខែមីនា ប៉ូលីសបានរកឃើញថា មាននរណាម្នាក់ កំពុងឡាយផ្ទាល់ លើមាតិកាដែលទាក់ទង នឹងមន្ត្រីនគរបាលចរាចរណ៍ ត្រួតពិនិត្យកម្រិតជាតិ អាល់កុលនៅលើផ្លូវខេត្ត ៥៦១ ។ ការផ្សាយបន្តផ្ទាល់នោះ គឺមានរយៈពេលជាង ៣០ នាទី ។ ប៉ូលិសបានបញ្ជាក់ថា បុរសអាយុ៥៤ឆ្នាំបានធ្វើការផ្សាយបន្តផ្ទាល់ ឬឡាយផ្ទាល់។ ក្រោយមក បុរសនោះបានទទួលស្គាល់ នូវអ្វីដែលខ្លួនបានធ្វើ ហើយបានលុបវីដេអូនោះចេញពី YouTube។

ប៉ូលិសខេត្ត Quang Binh បាននិយាយថា ទង្វើ នៃការជូនដំណឹង ដល់ប្រជាជនផ្សេងទៀត របស់ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីស ចរាចរណ៍អាចធ្វើឱ្យ មនុស្សមួយចំនួន ទំនងជាបើកបរក្រោមឥទ្ធិពល នៃជាតិអាល់កុល និងសារធាតុ ភ្ញោចផ្សេងទៀត អាចគេចពីប៉ុស្តិ៍ត្រួតពិនិត្យ និងអាចនាំឱ្យមានគ្រោះថ្នាក់ ៕

To Top