ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានជំរុញឲ្យមានការចរចាជាមុនអំពីវិបត្តិអ៊ុយក្រែន ដើម្បីនាំមកនូវសន្តិភាពនៅពេលឆាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រដល់ការប្រារព្ធធ្វើសន្និសីទសន្តិភាពអន្តរជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន និងធានាឱ្យមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាពលើផែនការសន្តិភាពទាំងអស់ ។
នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួ លើមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។
លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មានមួយនៅខាងក្រៅសម័យប្រជុំលើកទី២ ថា “យើងសង្ឃឹមថា ប្រទេសជាច្រើនទៀតក៏នឹងផ្តល់ការសម្របសម្រួលទិដ្ឋាការដល់ពលរដ្ឋចិន និងធ្វើការជាមួយយើងផងដែរ ដើម្បីបង្កើតបណ្តាញផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យដំណើរការជើងហោះហើរអន្តរជាតិឡើងវិញយ៉ាងឆាប់រហ័ស” នៅក្នុងសមាជប្រជាជនជាតិលើកទី១៤ នីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន។
លោកបានបន្តថា ការធ្វើបែបនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋចិនក្នុងការធ្វើដំណើរទៅក្រៅប្រទេស និងធ្វើឲ្យមិត្តភ័ក្តិបរទេសមានអារម្មណ៍នៅក្នុងប្រទេសចិន៕ប្រែសម្រួល ឈូក បូរ៉ា