បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថារដ្ឋសហភាព កាលពីយប់ថ្ងៃព្រហស្បតិ៍ថា កងទ័ពអាមេរិកនឹងសាងសង់កំពង់ផែបណ្តោះអាសន្នមួយនៅលើឆ្នេរ Gazan ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានឈានចូលដល់ខែទីប្រាំក្នុងសប្តាហ៍នេះ។ មុននេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមកញ្ចប់ជំនួយតាមអាកាសចូលទៅក្នុងហ្គាហ្សា ហើយវិធីសាស្ត្រថ្មីត្រូវបានកំណត់ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ។
លោក Biden បាននិយាយថា “យប់នេះខ្ញុំកំពុងដឹកនាំយោធាសហរដ្ឋអាមេរិកឱ្យដឹកនាំបេសកកម្មសង្គ្រោះបន្ទាន់មួយដើម្បីបង្កើតផែបណ្តោះអាសន្ននៅសមុទ្រមេឌីទែរ៉ាណេនៅលើឆ្នេរសមុទ្រ Gaza ដែលអាចទទួលបានការដឹកជញ្ជូនដ៏ធំដែលដឹកអាហារ ទឹក ថ្នាំពេទ្យ និងជម្រកបណ្តោះអាសន្ន” ។
មន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានថា កំពង់ផែនឹងអាចនាំយក “ជំនួយរថយន្តដឹកទំនិញរាប់រយគ្រឿងបន្ថែមក្នុងមួយថ្ងៃៗ” ។ មន្ត្រីដដែលបាននិយាយថា ការដឹកជញ្ជូនដំបូងនឹងមកតាមប្រទេស Cyprus។
យោងតាមមន្ត្រីដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានភ្លាមៗមុនពេលលោក Biden ថ្លែងសុន្ទរកថារបស់គាត់ សហរដ្ឋអាមេរិកនឹង “សម្របសម្រួលជាមួយអ៊ីស្រាអែលលើតម្រូវការសន្តិសុខនៅលើដី” និងធ្វើការជាមួយអង្គការសហប្រជាជាតិ និងក្រុមមនុស្សធម៌ដើម្បីចែកចាយជំនួយ។ មន្ត្រីរូបនេះបាននិយាយថា វិធីសាស្ត្រថ្មីនេះនឹងប្រើពេលប៉ុន្មានសប្តាហ៍ដើម្បីរៀបចំផែនការ និងប្រតិបត្តិ៕ ប្រែសម្រួលៈ ណៃ តុលា