បរទេស៖ ជនជាតិវៀតណាមចំនួន ១៨នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាបានបើកប្រតិបត្តិការល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតអំឡុង ពេលប៉ូលីសឆ្មក់ចូលផ្ទះប្រណីតមួយក្នុងទីក្រុងបាងកក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍របស់ថៃ បានឆែកឆេរផ្ទះក្នុងតំបន់ Rama IX ដោយសង្ស័យថា មានជនបរទេសមួយក្រុមកំពុងប្រើប្រាស់ទីតាំងជាមូលដ្ឋានប្រតិបត្តិការសម្រាប់លេងល្បែងតាមអនឡាញ។ នេះតាមឧត្តមសេនីយ៍ឯក Ittiphol Itthisarnronchai ប្រធានការិយាល័យអន្តោប្រវេសន៍ (IB) បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
ជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះ មានប្រុស១០នាក់ និងស្រី៨នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះប្រណីត។ ម្នាក់ក្នុងចំនោមពួកគេត្រូវបានគេស្គាល់ថាឈ្មោះ Le Thi Kim Oanh អាយុ២០ ឆ្នាំ។ ស្ត្រីរូបនេះ និងបក្ខពួក ១៧នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាក្នុងប្រតិបត្តិការបើកល្បែងស៊ីសងតាមអ៊ីនធឺណិត ឬបញ្ចុះបញ្ចូលមនុស្សក្នុងលក្ខណៈផ្ទាល់ ឬប្រយោលឱ្យលេងល្បែងស៊ីសង។
សម្ភារៈដែលរឹបអូសបានពីផ្ទះនោះ រួមមានសម្ភារចំនួន ៣៥ រួមមានកុំព្យូទ័រ និងសម្ភារប្រើប្រាស់សម្រាប់លេងល្បែងអនឡាញ។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីក្រុមស៊ើបអង្កេត IB បានទទួលពាក្យបណ្តឹងថា ជនសង្ស័យជាជនបរទេសមួយក្រុម រស់នៅក្នុងផ្ទះ កម្រនឹងចាកចេញណាស់ ដោយភ្លើងតែងតែបើក។ ប្រធាន IB បាននិយាយថា បន្ទាប់មកមន្រ្តីបានចាប់ផ្តើមតាមដានយ៉ាងដិតដល់នូវចលនារបស់អ្នកជួលជាជនបរទេស។ ពួកគេបានរកឃើញថា ពួកគេជាជនជាតិវៀតណាម ហើយក៏ទទួលបានភស្តុតាងថា ពួកគេកំពុងបើកល្បែងអនឡាញនៅក្នុងផ្ទះនោះ។ បន្ទាប់មកសមត្ថកិច្ចបានសុំការឯកភាពពីតុលាការព្រហ្មទណ្ឌខេត្ត Phra Khanong ដើម្បីឆែកឆេរផ្ទះដែលមានកម្ពស់២ជាន់នោះ ៕ ប្រែសម្រួលៈ ណៃ តុលា