ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងពិចារណាប្រើប្រាស់ថវិការបស់កងទ័ព យកទៅជួយអ៊ុយក្រែន

AFP

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធដោយ ដកស្រង់ពីមនុស្សដែលដឹងពីបញ្ហានេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណា លើការចូលដំណើរការទៅក្នុងថវិកា របស់កងទ័ពសហរដ្ឋអាមេរិក ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវជំនួយ ផ្នែកយោធាបន្ថែមដែលត្រូវការច្រើន នេះបើតាម Bloomberg បានរាយការណ៍កាលពីថ្ងៃពុធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានថា ការសម្រេចចុងក្រោយមិនទាន់ ត្រូវបានធ្វើឡើងនៅឡើយទេ។ ទឹកប្រាក់សរុបដែលត្រូវបានរាយការណ៍ថា បានស្វែងរកដោយសេតវិមាន នៅក្នុងទុនបំរុងរបស់មន្ទីរបញ្ចកោណ គឺមានប្រហែល ២០០ លានដុល្លារ – គឺជាផ្នែកតូចមួយនៃជំនួយអ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ៦១ ពាន់លានដុល្លារដែលប្រធានាធិបតី Biden បានស្នើសុំពីសភា។

សារព័ត៌មាន Bloomberg បានផ្សាយថា ប្រធានាធិបតីនឹងជំរុញម្តងទៀត ឱ្យសមាជិកសភាអនុម័តជំនួយថ្មី សម្រាប់ទីក្រុងគៀវ ក្នុងអំឡុងពេលសុន្ទរកថារដ្ឋសហភាព របស់លោកនៅថ្ងៃព្រហស្បតិ៍។ ព្រឹទ្ធសភាបានគាំទ្រកញ្ចប់ជំនួយកាលពីខែមុន ប៉ុន្តែឥឡូវនេះវាត្រូវបានជាប់គាំងនៅក្នុងសភា ដោយសារតែជម្លោះនយោបាយដ៏ជូរចត់។

មកទល់ពេលនេះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានបដិសេធមិនគាំទ្រច្បាប់ថវិការបស់លោក Biden ដោយសង្ឃឹមថានឹងដាក់សម្ពាធ ដល់ប្រធានាធិបតីឱ្យបង្កើតវិធានការតឹងរ៉ឹងជាងមុន ដើម្បីដោះស្រាយជាមួយនឹងការហូរចូលនៃ ជនចំណាកស្រុកខុសច្បាប់ ឆ្លងព្រំដែនជាមួយម៉ិកស៊ិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top