បរទេស ៖ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានធ្វើដំណើរទៅពិនិត្យមូលដ្ឋានស្នូល នៃកងទ័ពប្រជាជនកូរ៉េ។ ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកបានត្រួតពិនិត្យហេដ្ឋារចនា សម្ព័ន្ធហ្វឹកហ្វឺន និងត្រួតពិនិត្យសមយុទ្ធយោធាផងដែរ ។ នេះបើយោងតាមរបាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើង ។ លោក គីម ត្រូវបានអមដំណើរ ដោយមន្ត្រីជាន់ខ្ពស់រដ្ឋ ក៏ដូចជាមន្ត្រីកំពូលៗ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក កាង ស៊ុនណាំ និង អគ្គសេនាធិការ លោ រី យ៉ុងហ្គីល ផងដែរ។ នេះបើយោងតាមចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ។
យោងតាមរបាយការណ៍, លោក គីម ជុងអ៊ុន “បានសិក្សាលម្អិត អំពីគ្រឿងបរិក្ខារ និងកន្លែងហ្វឹកហ្វឺននៅក្នុងមូលដ្ឋាន” ហើយ “បានទទួលរបាយការណ៍ ស្តីពីកម្មវិធីសម្រាប់សមយុទ្ធជាក់ស្តែង នៃអង្គភាពដែលបានគ្រោងទុក មុនពេលដឹកនាំសមយុទ្ធ” ។
លោក គីម បានកោតសរសើរ ចំពោះសមត្ថភាពប្រយុទ្ធ របស់ទាហានកូរ៉េខាងជើង និងបានបញ្ជាក់ពីតម្រូវការ ក្នុងការរៀបចំសមយុទ្ធដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បី “គ្រប់គ្រងដោយ ជោគជ័យ សូម្បីតែការប៉ុនប៉ងតិចតួចបំផុត របស់ពួកគេក្នុងការបញ្ឆេះសង្គ្រាមក៏ដោយ” ។ លោកបានបន្ថែមថា កងទ័ពប្រជាជនកូរ៉េ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសម្របខ្លួនទៅនឹង “គ្រប់ទិដ្ឋភាពនៃការផ្លាស់ប្តូរ និងការអភិវឌ្ឍសង្គ្រាមទំនើប”។
សូមជម្រាបថា នៅខែមីនានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធ យន្តហោះចម្បាំង ដែលជាផ្នែកមួយ នៃសមយុទ្ធយោធាប្រចាំឆ្នាំ របស់ពួកគេ ដែលគេស្គាល់ថា Freedom Shield ។ សមយុទ្ធនេះមានគោលបំណង ទប់ទល់នឹងការគម្រាមកំហែង ដែលគេយល់ឃើញពីកូរ៉េខាងជើង ដែលទីក្រុងព្យុងយ៉ាងបានរិះគន់ ដោយចាត់ទុកពួកគេថា ជាការបង្កហេតុ ៕
ប្រែសម្រួលៈ ណៃ តុលា