“ប្រទេសចិន ពង្រីកការបើកទូលាយ ចំពោះបរទេសប្រកប ដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោល នយោបាយប្រកប ដោយភាពនឹងនរ តម្លាភាពនិង អាចប៉ាន់ ប្រមាណ បាន ប្រការនេះបានលើកទឹកចិត្ត ដល់ពួកយើងយ៉ាងខ្លាំង ។” ក្នុងអំឡុងពេលប្រទេសចិន បើកធ្វើមហាសន្និបាត នៃសភាទាំងពីរ របស់ចិន លោក Song Weiqun អគ្គនាយករង និងជាប្រធានតំបន់ចិន នៃក្រុមហ៊ុន Johnson &Johnson របស់អាមេរិក បានបង្ហាញពីការរំពឹងទុក ដូចពោលខាងលើនេះ ។
បើមើលពីក្របខ័ណ្ឌពិភពលោក ទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុន មានភាពថយថមចុះជាទូទៅ ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើន កម្លាំង នៃការទាក់ទាញពាណិជ្ជករ និងកៀរគរទុនបរទេស ។ តើប្រទេសចិន នឹងទាក់ទាញ និងប្រើប្រាស់ទុនបរទេស តាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយ ថែមទៀតតាមរបៀបណា? របាយការណ៍ការងារ រដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន ។
មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជី ឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករ បរទេសវិនិយោគ ដល់ការបង្កើនការធានា សេវាកម្មវិនិយោគ របស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាព ងាយស្រួលដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួន ដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួល ដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានា ដ៏សំខាន់ដល់ការ ចុះវិនិយោគនិងប្រកបអាជីព របស់ពួកគេ ។
មានផល “បូក” ក៏មានផល “ដក”ដែរ ។ របាយការណ៍ការងារ ក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាន នៃការអនុញ្ញាត ឱ្យទុនបរទេស ចូលទីផ្សារ និង លុបចោលទាំងអស់ នូវវិធានការ រឹតបន្ដឹងទុនបរទេសវិនិយោគ ក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់ កំហិតចំពោះការអនុញ្ញាត ឱ្យចូលក្នុងមុខ របរសេវាកម្ម ដូចជាទូរគមនាគមន៍ និងសុខាភិបាលជាដើម ។ លោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុន Pfizer ប្រចាំនៅតំបន់ចិន និង ជាអនុប្រធានសមាគម សហគ្រាសពាណិជ្ជករបរទេស វិនិយោគ នៅប្រទេសចិនបានថ្លែងថា វិធានការណ៍ទាំងនេះ បានបង្ហាញ ឱ្យឃើញនូវការបេ្តជ្ញាចិត្តរបស់ចិន ក្នុងការពង្រីកការ បើកទូលាយថែមមួយ កម្រិតទៀត ហើយបាន “ចាក់បំពេញកម្លាំងចលករយ៉ាងខ្លាំងក្លា” ដល់សហគ្រាសទុន បរទេសដែលគ្រោងនឹងធ្វើអាជីវកម្ម រយៈពេលយូរនៅប្រទេសចិន និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។
ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញ ទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អ នូវការផ្តល់ភាពអនុគ្រោះដូចគ្នា នឹងជនជាតិចិន ដល់សហគ្រាសទុនបរទេស ធានាឱ្យសហគ្រាសទុនបរទេស អាចចូលរួមដោយស្មើរភាព និងតាមផ្លូវច្បាប់ ក្នុងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល ការដាក់ដេញថ្លៃនិងកំណត់ស្តង់ដារ ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ ទាំងនេះ បានបង្ហាញពីភាព យុត្តិធម៌ និងស្មើភាព ដែលបានបង្ហាញឱ្យឃើញ នូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិន ក្នុងការជួយសហគ្រាសទុន បរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុន បរទេសផងដែរ ។
សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន ។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិន បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយ បើប្រៀបធៀបនឹងខែមុន បានបង្កើត សហគ្រាសថ្មី របស់ពាណិជ្ជករបរទេសចំនួន៤៥៨៨សហគ្រាស ដែលបានកើន ឡើង៧៤,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងបរិបទដែលការវិនិយោគ នៅក្រៅប្រទេសលើពិភពលោកទាំងមូលមានភាពថមថយចុះជាទូទៅ ហេតុអ្វីបានជាទីផ្សារចិន ទទួលប្រជាប្រិយភាពខ្លាំង ពីទុនបរទេស ?
ប្រាក់ទុននឹងដើរស្រប តាមផលប្រយោជន៍ ។ តាមស្ថិតិផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ អត្រាផលកម្រៃនៃការ ចុះវិនិយោគដោយផ្ទាល់នៅប្រទេសចិន របស់ពាណិជ្ជករបរទេស គឺប្រហែល៩ភាគរយ ដែលបានស្ថិតនៅកម្រិតខ្ពស់ បង្គួរលើផ្ទៃអន្តរជាតិ ។ មិនពិបាកឃើញថា ការជ្រើសរើស ប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃ យ៉ាងច្រើនសម្បើម ។ ប្រការនេះធ្វើឱ្យពួកគេរក្សា បានូវភាពសន្ទុះខ្លាំងក្លា ចំពោះការវិនិយោគនៅប្រទេសចិន ។
ដូចប្រសាសន៍របស់លោក Nicolas Hieronimus ប្រធានប្រតិបតិ្តនៃក្រុមហ៊ុន សាជីវកម្មL’Orealរបស់បារាំង ដែលបានលើកឡើងថា “ប្រទេសចិន”បន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “យើងនឹងបន្តធ្វើអាជីវកម្ម នៅប្រទេសចិនតទៅទៀត ព្រមនឹងធំធាត់ឡើងជាមួយប្រទេសចិនផងដែរ” ៕