ព័ត៌មានអន្តរជាតិ

ឧបនាយក​រដ្ឋមន្ត្រីវៀតណាម ស្នើ​ឱ្យមាន​ការ​គ្រប់គ្រង​ឱ្យបានតឹងរ៉ឹង​លើ​សេវា​ខារ៉ាអូខេ និងឌីស្កូ

រូបភាពពី៖​ VN Express

បរទេស៖ ការចេញអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូ ត្រូវតែអនុវត្តតាមផែនការយ៉ាងតឹងរ៉ឹង ធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អគ្គិភ័យ និងការផ្ទុះ ការបំពុលបរិស្ថាន និងសំឡេង។

យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រឹង ហុងហា បានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈពេលធ្វើជាប្រធានសន្និសីទពិនិត្យលើសេចក្តីព្រាងច្បាប់ដែលបានកែប្រែស្តីពីសេវាខារ៉ាអូខេ និងឌីស្កូធីក ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ។

ឧបនាយករដ្ឋមន្ត្រីត្រឹង ហុងហា បានសង្កត់ធ្ងន់ថា សេវាខារ៉ាអូខេ និងឌីស្កូ ត្រូវការការគ្រប់គ្រងយ៉ាងដិតដល់ ព្រោះវាទាក់ទាញអតិថិជនជាច្រើន ដែលភាគច្រើនជាយុវជន ដែលតែងតែផឹកស៊ីក្នុងកន្លែងដែលមានគ្រោះថ្នាក់។

ដូចនេះ ឧបនាយករដ្ឋមន្ត្រី ហា បានកត់សម្គាល់ថា សេវាមិនត្រូវប៉ះពាល់ដល់ការរស់នៅ និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់លំនៅដ្ឋាន ភ្នាក់ងាររដ្ឋបាល កន្លែងអប់រំ និងវេជ្ជសាស្ត្រ វត្ថុបុរាណ សាសនា ប្រវត្តិសាស្ត្រ ឬវប្បធម៌ឡើយ។

លោកបានក្រើនរំលឹកដល់អាជីវកម្មខារ៉ាអូខេ និងឌីស្កូដែលមានអាជ្ញាប័ណ្ណថា ពួកគេត្រូវតែគោរពឱ្យបានហ្មត់ចត់ និងពេញលេញជាមួយនឹងស្តង់ដារ និងបច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យ និងផ្ទុះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top