ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុករណ៍”វិវាទផ្ទៃក្នុង”រវាងរដ្ឋាភិបាលកាណាដានិងចារជនរបស់ខ្លួន បញ្ជាក់ពីអ្វីដែលហៅថា “ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិន គឺជារឿងប្រឌិតសុទ្ធសាធ

នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សាជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដាដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិនដើម្បី”សងថ្លៃជំងឺចិត្ត”អំពីការជាប់ពន្ធនាគារជិតបីឆ្នាំដោយសារជាប់សង្ស័យពីបទធ្វើសកម្មភាពចារកម្មនៅប្រទេសចិន ។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយនៃការឈានដល់ការផ្សះផ្សារវាងភាគីទាំងពីរ គឺ ៧ លានដុល្លារកាណាដា ។

បន្ទាប់ពីលោក Michael Spavor ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលកាណាដាបានឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនជាប់រហូត ប៉ុន្តែលើកនេះអាចនិយាយបានថាជាការ”ទះកំផ្លៀងខ្លួនឯង” ។ អ្នកវិភាគបានលើកឡើងថា អ្វីដែលហៅថា “ការផ្សះផ្សា”និង”សងថ្លៃជំងឺចិត្ត”បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកាណាដាមានអាថ៌កំបាំងដែលមិនអាចបើកចំហ ហើយក៏បានបញ្ជាក់ដែរថា លោក Michael Spavor គឺជាចារជនដែលធ្លាប់បម្រើរដ្ឋាភិបាលកាណាដា ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតកាណាដាបានលើកឡើងថា “ការសងថ្លៃជំងឺចិត្តណាមួយដែលរដ្ឋាភិបាលធ្វើសម្រាប់ការដោះស្រាយរឿងមួយនេះសុទ្ធតែបង្ហាញថា វាប៉ុនប៉ុងបិទបាំងអ្វីមួយ” ។

យោងតាមព័ត៌មានដែលប្រកាសដោយស្ថាប័នសន្តិសុខរបស់ចិនឱ្យដឹងថា លោក Michael Spavor បានធ្វើសកម្មភាពចារកម្មនៅតំបន់ព្រំដែនរវាងចិននិងកូរ៉េខាងជើងក្នុងរយៈពេលយូរដោយបានជួយលោក Michael Kovrig អតីតមន្រ្តីការទូតកាណាដាក្នុងការប្រមែប្រមូលនិងស្វែងរកព័ត៌មានចារកម្មពាក់ព័ន្ធ ថតរូបនិងវីដេអូបរិក្ខារយោធាចិនដោយខុសច្បាប់នៅក្នុងដែនប្រទេសចិន ហើយបានផ្តល់ឱ្យស្ថានទូតកាណាដាប្រចាំនៅប្រទេសចិន ។

ឆ្នាំ ២០១៨ អ្នកទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅប្រទេសចិន ។ កាលពីខែកញ្ញា ឆ្នាំ ២០២១ អ្នកទាំងពីរនាក់បានដាក់ពាក្យស្នើសុំដោះលែងនៅក្រៅឃុំនិងតម្កល់រឿងក្តីក្រោមលេសមានជំងឺប្រចាំកាយ ហើយតុលាការពាក់ព័ន្ធរបស់ចិនបានអនុម័តលើពាក្យស្នើសុំនេះតាមផ្លូវច្បាប់ ។ បន្ទាប់មក ពួកគេត្រូវបានបណ្តេញចេញពីប្រទេសចិន ។

ក្រោយពីត្រឡប់ទៅប្រទេសកាណាដាវិញ ឆាកល្ខោនដ៏គួរឱ្យអស់សំណើចបានកើតឡើង៖លោក Michael Spavor បានប្តឹងលោក Michael Kovrig និងក្រសួងការបរទេសកាណាដា ។ ករណី”វិវាទផ្ទៃក្នុង”លើកនេះបានលាតត្រដាងពីសកម្មភាពចារកម្មដែលពួកគេធ្លាប់បានធ្វើនៅក្នុងប្រទេសចិន ហើយក៏បានបញ្ជាក់ថា លោក Michael Spavor ពិតជាបានធ្វើរឿងដែលបំផ្លាញសន្តិសុខជាតិរបស់ប្រទេសចិនពិតប្រាកដមែន ។ នៅទីបំផុត រដ្ឋាភិបាលកាណាដាបានចំណាយប្រាក់ចំនួន ៧ លានដុល្លារកាណាដាដើម្បី”បិទមាត់”របស់លោក Michael Spavor ប្រការនេះក៏បានបញ្ជាក់ដែរថា អ្វីដែលហៅថា “ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនគឺជារឿងប្រឌិតសុទ្ធសាធ ។

បន្ទាប់ពីករណីផ្សះផ្សាជាមួយលោក Michael Spavor ត្រូវបានបែកធ្លាយ លោក Trudeau នាយករដ្ឋមន្ត្រីកាណាដាបានបន្តឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិន ហើយបានប្រឌិតរឿងក្លែងក្លាយតទៅទៀត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីករណីដែលប្រទេសកាណាដាបាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា “ហេតុការណ៍ចារកម្មចិន”និង”ចិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាណាដា”ជាដើម អ្នកផងទាំងពួងអាចឃើញច្បាស់ថា អ្នកនយោបាយមួយចំនួនរបស់កាណាដាបាននិងកំពុងប្រកាន់ខ្ជាប់គំនិតសង្គ្រាមត្រជាក់ ធ្វើតាមសហរដ្ឋអាមេរិកបង្ករឿងហេតុចំពោះប្រទេសចិន វាលែងជារឿងថ្មោងថ្មីអ្វីទៀតហើយ ។ លើកនេះគ្រាន់តែបានបញ្ជាក់ម្តងទៀតថា រដ្ឋាភិបាលកាណាដាជាអ្នកធ្វើតាមសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា ប្រទេសចិនជាប្រទេសមាននីតិរដ្ឋ ។ លោក Michael Spavor និងលោក Michael Kovrig បានជាប់សង្ស័យពីបទល្មើសបំផ្លិចបំផ្លាញសន្តិសុខជាតិរបស់ប្រទេសចិន គឺមានភស្តុតាងដ៏ជាក់លាក់ ហើយការពិតនិងភាពត្រឹមត្រូវទាំងស្រុង គឺ ច្បាស់ក្រឡែតណាស់ ។ ទោះបីជារដ្ឋាភិបាលកាណាដាបានប្រឌិតពាក្យកុហកយ៉ាងច្រើនក៏ដោយ ក៏គ្មានប្រយោជន៍អ្វីផងដែរ ។ អ្វីដែលខ្លួនត្រូវធ្វើ គឺ គោរពការពិតជាក់ស្តែង បញ្ឈប់ការមួលបង្កាច់និងលាបពណ៌ទៅលើប្រទេសចិន ក៏ដូចជាមានការយល់ដឹងដ៏ត្រឹមត្រូចំពោះប្រទេសចិន ។ ប្រសិនបើកាណាដាធ្វើតាមគោលនយោបាយរបស់អាមេរិកតាមតែទំនើងចិត្ត នោះអ្វីដែលបាត់បង់ គឺ មិនត្រឹមតែជាកិត្តិនាមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាទំនុកចិត្តពីប្រជាជនផងដែរ ៕

To Top