វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹង នៅក្នុងសុន្ទរកថា រដ្ឋសហភាពរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងដោះស្រាយ ជាមួយប្រទេសចិន ប្រសើរជាងអ្នកកាន់ តំណែងមុនគឺលោក ដូណាល់ ត្រាំ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស ដូចជាជប៉ុន និងកូរ៉េខាងត្បូង ដើម្បីរក្សាសន្តិភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
លោក បៃដិន បានទាក់ទាញភាពខុសគ្នាយ៉ាងច្បាស់រវាងលោក និងលោក ត្រាំ ដោយសង្កត់ធ្ងន់ថា ការការពារតម្លៃប្រជាធិបតេយ្យ និងជំហាន ដែលបានធ្វើឡើងនៅទូទាំងផ្នែកផ្សេងៗ ដូចជាសេដ្ឋកិច្ច សុខុមាលភាពសង្គម និងការប្រែប្រួលអាកាសធាតុមានប្រសិទ្ធភាព។
ចំពោះប្រទេសចិន លោក បៃដិន បានលើកឡើងថា សមិទ្ធិផល របស់រដ្ឋបាលរបស់លោក រួមមានការនាំឱនភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយប្រទេសអាស៊ីដល់ចំណុចទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយឈរលើស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការរឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបរបស់ទីក្រុងប៉េកាំង ។
លោកក៏បានអះអាងដែរថា លោកបានស្តារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកក្នុងតំបន់ ដោយលើកឡើងពីប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា