ព័ត៌មានអន្តរជាតិ

តួកគី ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពរុស្ស៊ី – អ៊ុយក្រែន

AFP

អ៊ីស្តង់ប៊ុលៈ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃសុក្រថា តួកគី ផ្តល់ការសម្របសម្រួលដល់កិច្ចប្រជុំកំពូលសន្តិភាព ដែលនឹងរួមបញ្ចូលរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន។

លោក Erdogan បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅវិមាន Dolmabahce ទីក្រុងអ៊ីស្តង់ប៊ុល។

លោក Erdogan បានលើកឡើងថា “តួកគី នឹងបន្តឈរក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន ខណៈពេលដែលកំពុងធ្វើការ សម្រាប់ការចរចា និងបញ្ចប់សង្រ្គាមដោយសន្តិវិធី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកក៏បានថ្លែងទៅកាន់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលត្រូវបានផ្អាកកាលពីខែកក្កដាឆ្នាំមុន ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់តួកគី ក្នុងការគាំទ្រកិច្ចព្រមព្រៀងជាថ្មី។

គំនិតផ្តួចផ្តើមដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២ បានបង្កើតច្រករបៀងសមុទ្រមនុស្សធម៌ដែលអនុញ្ញាតឱ្យមានការនាំចេញអាហារ និងជីពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top