ព័ត៌មានអន្តរជាតិ

ថវិកាយោធាឆ្នាំ២០២៥ របស់អាល្លឺម៉ង់ ខ្វះខាតរហូតដល់ ៦,៥ ពាន់លានដុល្លារ

រូបភាពពី៖​ AFP

ប៊ែរឡាំង៖ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានព្រមានរដ្ឋាភិបាលអំពីឱនភាពពី ៤,៥ពាន់លាន ទៅ ៦ពាន់លានអឺរ៉ូ (៤,៩ពាន់លានដុល្លារ ទៅ ៦,៥ពាន់លានដុល្លារ) នៅក្នុងថវិកាយោធា Bundeswehr របស់ប្រទេសសម្រាប់ឆ្នាំ២០២៥ ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានកំណត់ថវិកាចំនួន ៥២ពាន់លានអឺរ៉ូ សម្រាប់ការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំក្រោយដែលនៅតែមិនគ្រប់គ្រាន់ សម្រាប់គោលដៅចំណាយការពារផលិតផលក្នុងស្រុកសរុប ២ភាគរយ។

របាយការណ៍បានបន្ដថា ចំនួនទឹកប្រាក់នេះគឺគ្រប់គ្រាន់សម្រាប់តែថ្លៃប្រតិបត្តិការប៉ុណ្ណោះ ដូចជាប្រាក់ខែទាហាន បន្ទាយកំដៅ និងឧបករណ៍ជួសជុល ខណៈនៅសល់តែ ៥០០លានអឺរ៉ូប៉ុណ្ណោះ សម្រាប់ការវិនិយោគក្នុងការអភិវឌ្ឍអាវុធថ្មីៗ។

របាយការណ៍បានបន្ថែមថា គម្រោងមួយក្នុងចំណោមគម្រោង Bundeswehr ដែលការផ្តល់មូលនិធិនៅតែស្ថិតក្នុងសំណួរ គឺការដាក់ពង្រាយកងពលតូចត្រៀមប្រយុទ្ធនៅក្នុងប្រទេសលីទុយអានី ដែលនឹងត្រូវការប្រាក់ចំនួន ៥ពាន់លានអឺរ៉ូ ប៉ុន្តែមិនទាន់មានមូលនិធិណាមួយត្រូវបានបែងចែក សម្រាប់វានៅឡើយទេ។

នៅថ្ងៃទី៣១ ខែមករា ក្រសួងការពារជាតិអាល្លឺម៉ង់បានឲ្យដឹងថា អាល្លឺម៉ង់នឹងបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិរបស់ណាតូ ២ភាគថយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ ដែលជាលើកដំបូងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។

នៅខែធ្នូ ឆ្នាំ២០២២ លោក Pistorius និងរដ្ឋមន្ត្រីការពារជាតិលីទុយអានី Arvydas Anusauskas នៅទីក្រុងវិលនីញូស បានចុះហត្ថលេខាលើផែនការសកម្មភាព សម្រាប់ការដាក់ពង្រាយកងពលតូច Bundeswehr នៅក្នុងប្រទេសលីទុយអានី នៅឆ្នាំ២០២៧ ជាមួយនឹងកងទ័ពអាល្លឺម៉ង់រហូតដល់ ៥,០០០ នាក់ជាមួយនឹងគ្រួសាររបស់ពួកគេបានមកដល់ប្រទេសលីទុយអានី។

នៅខែមិថុនា ឆ្នាំ២០២២ សភាអាល្លឺម៉ង់ បានគាំទ្រគំនិតផ្តួចផ្តើមរបស់អធិការបតីលោក Olaf Scholz ដើម្បីបង្កើតមូលនិធិពិសេស សម្រាប់ Bundeswehr ដែលមានតម្លៃ ១០០ពាន់លានអឺរ៉ូ ដូច្នេះកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ អាចត្រូវបានចាត់ទុកថា ជាកងទ័ពធម្មតាធំបំផុតនៅអឺរ៉ុបបន្ទាប់ពីការធ្វើទំនើបកម្ម។

លោក Scholz បានលើកឡើងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនថា ជាហេតុផលសម្រាប់ការវិនិយោគ ដោយពណ៌នាថា វាជាចំណុចរបត់នៃស្ថានភាពសន្តិសុខនៅអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា

To Top