បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់រុស្ស៊ី លោក Vladimir Putin ត្រូវបាន គេរំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខជាមួយនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរុស្សី។
ការចេញផ្សាយដើមដោយការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VTSIOM) និងដោយផ្អែកលើការស្ទង់មតិជាបន្តបន្ទាប់ បានបង្ហាញការស្ទាបស្ទង់ទៀតថាលោក Putin ដែលកំពុងឈរឈ្មោះនោះ ទំនងជាឈ្នះ ៨២ភាគរយនៃការបោះឆ្នោតហើយ គូប្រជែងរបស់គាត់ គឺបេក្ខជនបក្សកុម្មុយនិស្ត Nikolay Kharitonov និង Vladislav Davankov នៃគណបក្ស New People អាចទទួលបាន៦ភាគរយម្នាក់ ហើយលោក Leonid Slutsky នៃគណបក្សប្រជាធិបតេយ្យសេរីទទួលបាន៥ភាគរយ។
គួរឲ្យដឹងដែរថាការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ក្នុងចំណោមអ្នកចូលរួមឆ្លើយសំណួរចំនួន ១៥០០នាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅក្នុងការតាំងទីលំនៅចំនួន ១០៤ នៅទូទាំង ៥៣ តំបន់នៃប្រទេសរុស្ស៊ីហើយលទ្ធផល ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅលើគេហទំព័រផ្លូវការរបស់ VTSIOM ។
តាមផែនការការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នឹងដំណើរការចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនា ដែលជាលើកទីមួយ ដែលវាត្រូវបានប្រារព្ធឡើងក្នុង រយៈពេលជាច្រើនថ្ងៃដោយក្នុងនោះ លោកPutinក៏ បានប្រកាសផែនការក្នុងការដឹកនាំមួយអាណត្តិទៀតរួចមកហើយដែរ៕ ប្រែសម្រួល៖ស៊ុនលី