ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធជើងទឹករួមគ្នា នៅសមុទ្រអារ៉ាប់

រូបភាពពី៖​ Sputnik

បរទេស៖ នាវានៃកងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រអារ៉ាប់ក្នុងសប្តាហ៍នេះ ដោយចាប់ផ្តើមពីកំពង់ផែ Chah Bahar ក្នុងឈូងសមុទ្រអូម៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ល្បែងសង្រ្គាមដែលត្រូវបានគេហៅថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” ដំណើរការនៅចន្លោះថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី ១៥ ខែមីនា ហើយមាននាវា និងយន្តហោះមកពីប្រទេសទាំងបី។ បេសកជនមកពីយោធានៃប្រទេសអាស៊ែបៃហ្សង់ ឥណ្ឌា កាហ្សាក់ស្ថាន អូម៉ង់ ប៉ាគីស្ថាន និងអាហ្រ្វិកខាងត្បូង ក៏ចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “ផ្នែកជាក់ស្តែងនៃសមយុទ្ធនឹងធ្វើឡើងនៅក្នុងដែនទឹកនៃសមុទ្រអារ៉ាប់ ជាពិសេសឈូងសមុទ្រអូម៉ង់” ។ “គោលបំណងសំខាន់នៃសមយុទ្ធគឺធានាសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ”។

នាវាពីរគ្រឿងនៃកងនាវាចរប៉ាស៊ីហ្វិក ដែលជានាវាដឹកមីស៊ីល ថ្នាក់ Slava-class Varyag និងនាវាចម្បាំងថ្នាក់ Udaloy-class Marshal Shaposhnikov បង្កើតបានជាទ័ពជំនួយរុស្ស៊ីនៅក្នុងសមយុទ្ធ។

យោងតាមក្រសួងការពារជាតិចិន គឺកងនាវាចរកងទ័ពរំដោះប្រជាជនចិន (PLAN) បានបញ្ជូននាវាពិឃាត Urumqi ផ្ទុកមីស៊ីលនាំផ្លូវ, នាវាចម្បាំង Linyi និងនាវាផ្គត់ផ្គង់ Dongpinghu ។

ចំណែកកងទ័ពជើងទឹកអ៊ីរ៉ង់ ចូលរួមវិភាគទានឧទ្ធម្ភាគចក្រជាច្រើន និងនាវាជាច្រើនគ្រឿងដែលមានទំហំខុសៗគ្នា៕ ប្រែសម្រួលៈ ណៃ តុលា

To Top