ឥណ្ឌូនេស៊ី ៖ បុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទជួយគ្រប់គ្រង គម្រោងឆបោកលើការវិនិយោគ ដែលមានទឹកប្រាក់ចំនួន ៩០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនទៅស្រុកកំណើតវិញ ក្រោយពីដំណើរការ អស់រយៈពេល៤ឆ្នាំ នេះបើតាមយោងតាមអាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះ ។
លោក Yusuke Yamazaki អាយុ៤៣ឆ្នាំត្រូវបានចាប់ខ្លួននៅកោះ Bulan នៅក្នុងខេត្ត Kepulauan Riau កាលពីថ្ងៃទី៣១ ខែមករា ខណៈដែលព្យាយាមឆ្លងចូល ទៅក្នុងប្រទេសម៉ាឡេស៊ី តាមទូកឈើតូចមួយ នេះបើយោងតាមការលើកឡើងរបស់លោក Nyoman Gede Surya Mataram ប្រធានការិយាល័យច្បាប់ និងសិទ្ធិមនុស្សប្រចំាខេត្តខាងលើ បានឲ្យដឹងដូច្នេះ ដោយជនជាប់ចោទនឹងត្រូវបានគេរំពឹងថា នឹងត្រូវនិរទេសខ្លួននៅល្ងាចថ្ងៃនេះ ។
លោក Mataram បានឲ្យដឹងថា ទូកនោះក៏បានដឹកកម្មករចំណាកស្រុក ឥណ្ឌូណេស៊ី ដែលមិនមានឯកសារចំនួន៤នាក់ និងនាវិក២នាក់ផងដែរ ។ អ្នកផ្សេងទៀតត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការ ស៊ើបអង្កេតបន្ថែម ខណៈដែលលោក Yamazaki ត្រូវបានប្រគល់ខ្លួនទៅ ការិយាល័យអន្តោប្រវេសន៍ នៅខេត្ត Batam កាលពីថ្ងៃទី២ ខែកុម្ភៈ ។
លោក Mataram បានបញ្ជាក់ថា កាលពីដំបូងឡើយ លោក Yamazaki បានផ្តល់ ឈ្មោះមិនពិតប្រាកដ ហើយត្រូវបានឃុំខ្លួន ដោយសង្ស័យពីបទរំលោភទិដ្ឋាការ ប៉ុន្តែក្រោយមកប៉ូលិស បានកំណត់អត្តសញ្ញាណគាត់ថា ជាអ្នករត់គេចខ្លួនអន្តរជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា