ព័ត៌មានអន្តរជាតិ

Update៖ ក្រុមកងជីវពលគាំទ្រ អ៊ុយក្រែន បើកការវាយប្រហារ នៅតាមព្រំដែនរុស្ស៊ី ក្រោយពីក្រុង គៀវ បើកការវាយលុក ដោយយន្តហោះគ្មានមនុស្សបើក

AFP

គៀវ៖ នៅថ្ងៃអង្គារនេះ ក្រុមកងជីវពលគាំទ្រអ៊ុយក្រែន បានធ្វើការវាយប្រហារឆ្លងព្រំដែន ដ៏សាហាវទៅលើប្រទេសរុស្ស៊ី ដែលករណីនេះបានធ្វើឡើង នៅប៉ុន្មានម៉ោង ក្រោយពីក្រុង គៀវ បានបើកការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្ស បើកដ៏ធំបំផុតរបស់ខ្លួន គិតចាប់តាំងពីការ ចាប់ផ្តើមឡើងនៃសង្រ្គាម ។

ក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ដគាំទ្រ ក្រុង គៀវ ដែលបង្កើតឡើងដោយជនជាតិរុស្ស៊ី ដែលប្រឆាំងនឹងវិមានក្រឹមឡាំង បានលើកឡើងថា ពួកគេបានបំបែក ចូលទៅក្នុងតំបន់ Kursk និង Belgorod ខណៈដែលក្រុងម៉ូស្គូ បានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងជាច្រើនរបស់អ៊ុយក្រែននៅក្នុងការជ្រៀតចូលព្រំដែន ។

កងជីវពលដែលមានឈ្មោះថា Freedom of Russia ដែលជាកងជីវពលដែលអះអាងថា មានពលរដ្ឋរុស្ស៊ីដែលកំពុងប្រយុទ្ធក្នុងនាមអ៊ុយក្រែនថា “យើងបានឆ្លងព្រំដែន” ដែលនោះ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Telegram ។

ក្រុមនេះបានចេញផ្សាយ វីដេអូពីទិដ្ឋភាពនៃយន្តហោះគ្មានមនុស្សបើកដែលអះអាងថា បង្ហាញយានដែលកំពុងត្រូវបានបំផ្ទុះ និងយន្តហោះចម្បាំង នៅតាមផ្លូវនៃភូមិ Tyotkino នៅតាមព្រំដែនរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។

ក្រុងម៉ូស្គូ បានបញ្ជាក់ថា ខ្លួនបានប្រយុទ្ធនឹងការវាយប្រហារជាច្រើន ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា “នៅម៉ោងប្រហែល៣ទៀបភ្លឺ ក្រុមភេរវករអ៊ុយក្រែនបានធ្វើសកម្មភាព បន្ទាប់ពីការបាញ់ផ្លោងយ៉ាង សន្ធឹកសន្ធាប់មកលើទីតាំងជនស៊ីវិល ហើយបានព្យាយាមឈ្លានពានទឹកដីរុស្ស៊ី នៅក្នុងទិសដៅចំនួន៣” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top