ព័ត៌មានអន្តរជាតិ

ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ នៅ​តំបន់ហ្គាហ្សា​កើន​ឡើងដល់ ៣១,២៧២​នាក់

Xinhua

ហ្គាហ្សា៖ ក្រសួង​សុខាភិបាល​ដែល​មាន ​មូលដ្ឋាន​នៅ​ហ្គាហ្សា​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន ដោយសារ​ការ​វាយ​ប្រហារ​របស់​ អ៊ីស្រាអែល​ដែល​កំពុង​បន្ត​លើ​តំបន់​ហ្កាហ្សា​បាន​កើន​ឡើង​ដល់ ៣១,២៧២ នាក់​។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៨នាក់ និងរងរបួសចំនួន ១៣៥នាក់ទៀត ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,២៧២នាក់ និងរបួសដល់ ៧៣,០២៤នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំមុន។

ទន្ទឹមនឹងនេះ អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) លោកស្រី Philippe Lazzarini បានថ្កោលទោស ចំពោះការបាត់បង់កុមារមួយចំនួនធំ ដែលជាលទ្ធផលនៃជម្លោះ។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គួរឱ្យភ្ញាក់ផ្អើល។ ចំនួនកុមារ ដែលត្រូវបានរាយការណ៍ថា បានសម្លាប់ក្នុងរយៈពេលជាង ៤ខែនៅក្នុងតំបន់ហ្គាហ្សា គឺខ្ពស់ជាងចំនួនកុមារ ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំនៅជុំវិញពិភពលោករួមបញ្ចូលគ្នា សង្រ្គាមនេះគឺជាសង្រ្គាមលើកុមារ វាគឺជាសង្រ្គាមលើកុមារភាព និងអនាគតរបស់ពួកគេ”។

អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top