តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា យោធាអាមេរិកគ្រោងនឹងបន្តការហោះហើរយន្តហោះ Osprey នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានលុបចោលការហាមឃាត់ការហោះហើរទូទាំងពិភពលោកកាលពីសប្តាហ៍មុនបន្ទាប់ពីការធ្លាក់យ៉ាងធ្ងន់ធ្ងរនៅលើកោះភាគនិរតីនៃប្រទេសជប៉ុន កាលពីខែវិច្ឆិកា។
ក្រសួងបានពន្យល់ពីផែនការនេះដល់អាជ្ញាធរក្នុងតំបន់ក្នុងខេត្តមួយចំនួនកាលពីថ្ងៃពុធ រួមទាំងកោះអូគីណាវ៉ា ដែលជាកន្លែងយន្ដហោះ Ospreys ជាច្រើនរបស់សហរដ្ឋអាមេរិក ប៉ុន្តែភ្លាមៗនោះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ដែលកំពុងបន្តកើតមានចំពោះយន្តហោះ។
ក្រសួងបានឲ្យដឹងថា កងកម្លាំងយន្ដហោះ Ospreys របស់កងកម្លាំងស្វ័យការពារដីគោក ក៏នឹងចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃព្រហស្បតិ៍ដំបូងបំផុត ដោយត្រូវបានផ្អាកចាប់តាំងពីឧប្បត្តិហេតុនៅក្នុងខែវិច្ឆិកា ដែលបានសម្លាប់សមាជិកនាវិកទាំង ៨នាក់នៅលើយន្តហោះដឹកជញ្ជូន CV-22 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក។
លោក Denny Tamaki អភិបាលខេត្តអូគីណាវ៉ា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងណាហា ថា “យើងមិនជឿជាក់ទាំងស្រុង ហើយការបន្តជើងហោះហើរ Ospreyឡើងវិញ គឺមិនអាចទទួលយកបាននោះទេ” ។
លោក Masanori Matsugawa អភិបាលក្រុងអូគីណាវ៉ា នៃទីក្រុងជីណូវ៉ាន់ ដែលជាផ្ទះរបស់ស្ថានីយ៍អាកាសហ្វូធេនម៉ា របស់កងម៉ារីនអាមេរិក ដែលជាមូលដ្ឋានដែល MV-22 Osprey ឈរជើងបានឲ្យដឹងថា “មិនមានការពន្យល់អំពីមូលហេតុនៃគ្រោះថ្នាក់នេះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា