បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន (KCNA) របស់កូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធបានចូលរួមជាមួយកងទ័ពរបស់លោកនៅក្នុងសមយុទ្ធហ្វឹកហ្វឺនមួយ ដែលពាក់ព័ន្ធនឹងរថក្រោះប្រយុទ្ធដែលទើបនឹងបង្កើតថ្មី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហាញយោធាដែលត្រូវបានពិពណ៌នាថាជា “ការប្រកួតហ្វឹកហាត់” ត្រូវបានរចនាឡើងដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់នាវិករថក្រោះ និងធ្វើឱ្យពួកគេស៊ាំជាមួយសកម្មភាពប្រយុទ្ធក្នុងបេសកកម្មយុទ្ធសាស្ត្រផ្សេងៗគ្នា។ KCNA បានផ្សាយថា សមយុទ្ធនេះពាក់ព័ន្ធនឹងរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មី ដែលលោក គីម ហៅថា “ខ្លាំងបំផុតរបស់ពិភពលោក” ។
មេដឹកនាំកូរ៉េខាងជើង រួមជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ គឺលោក Kang Sun Nam និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានសង្កេតមើលនៅពេលដែលរថក្រោះ បានធ្វើសមយុទ្ធតាមរយៈស្ថានភាពប្រយុទ្ធ។ ក្នុងអំឡុងពេលហ្វឹកហាត់ រថក្រោះបានបង្ហាញពីភាពច្បាស់លាស់ និងបាញ់ចំគោលដៅ។
យោងតាម KCNA បានឱ្យដឹងទៀតថា លោក គីម បានសម្តែង “ការពេញចិត្តជាខ្លាំង” ដែលរថក្រោះប្រយុទ្ធបានបង្ហាញដោយជោគជ័យនូវភាពទាក់ទាញរបស់ខ្លួននៅក្នុងការសម្តែងលើកដំបូងរបស់ខ្លួន ហើយបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងធំជាងនេះដើម្បីរៀបចំសម្រាប់សង្គ្រាម ៕ ប្រែសម្រួលៈ ណៃ តុលា