ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ TikTok អំពាវនាវឱ្យអ្នកប្រើប្រាស់ រួមគ្នាប្រឆាំង នឹងបម្រាមរបស់អាមេរិក

RT News

បរទេស៖ នាយកប្រតិបត្តិ TikTok លោក Shou Chew បានអះអាងថា ការហាមប្រាមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ នៅសហរដ្ឋអាមេរិកនឹងបង្កគ្រោះថ្នាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិករាប់ម៉ឺននាក់។ ការអត្ថាធិប្បាយរបស់លោក Shou Chew បានកើតឡើងបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់កាលពីថ្ងៃពុធដែលអាចបង្ខំឱ្យម្ចាស់ TikTok ជនជាតិចិនគឺ ByteDance អាចនឹងលក់វេទិការឬប្រឈមនឹងការហាមឃាត់ទូទាំងប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភា លោកប្រធានាធិបតី Joe Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះ។ ឆ្លើយតបទៅនឹងការបោះឆ្នោតសភា លោក Chew បានហៅការសម្រេចចិត្តនេះថា “ខកចិត្ត” ហើយបានព្រមានអំពីផលវិបាកដែលអាចកើតមាន។

លោក Chew បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ X (អតីត Twitter) ថា “ច្បាប់នេះ ប្រសិនបើចុះហត្ថលេខា នោះវានឹងនាំទៅដល់ការហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក។ សូម្បីតែអ្នកឧបត្ថម្ភសេចក្តីព្រាងច្បាប់នេះក៏ទទួលស្គាល់ថានោះជាគោលដៅរបស់ពួកគេដែរ។ សេចក្តីព្រាងច្បាប់នេះផ្តល់ថាមពលកាន់តែច្រើនដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត”

លោកបានបន្ថែមថា “វេទិការបស់យើងមានសារៈសំខាន់ចំពោះម្ចាស់អាជីវកម្មខ្នាតតូចដែលពឹងផ្អែកលើ TikTok ដើម្បីបញ្ចប់ការងារ និងសម្រាប់គ្រូបង្រៀនដែលជំរុញទឹកចិត្តសិស្សរាប់លាននាក់ឱ្យរៀន និងសម្រាប់អ្នកគ្រប់គ្នាដែលដឹង និងស្វែងរកភាពរីករាយនៅលើ TikTok”។

លោកបន្តថា “អ្នកនឹងយកប្រាក់រាប់ពាន់លានដុល្លារចេញពីហោប៉ៅរបស់អ្នកបង្កើតនៅក្នុងអាជីវកម្មខ្នាតតូច។ អ្នកនឹងធ្វើឱ្យការងារអាមេរិកជាង ៣០០.០០០ ប្រឈមនឹងហានិភ័យ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top