វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថាក្រុមហ៊ុន United States Steel Corp. គួរតែជាកម្មសិទ្ធិក្នុងស្រុក ដោយចេញមកប្រឆាំង នឹង ផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយក ក្រុមហ៊ុននេះ ខណៈដែលការគាំទ្រ ពីសហជីពការងារ កាន់តែមានសារៈសំខាន់ សម្រាប់ការប្រជែងតំណែង ប្រធានាធិបតី អាណត្ដិបន្ដឡើង វិញរបស់លោក។

លោក បៃដិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “វាជារឿងសំខាន់ដែលយើងរក្សាក្រុមហ៊ុន ដែកថែបអាមេរិកដ៏រឹងមាំ ដែលដំណើរការដោយកម្មករដែកអាមេរិក”។
ការអត្ថាធិប្បាយបែបនេះនៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នឹងប្រែក្លាយផែនការរបស់ក្រុមហ៊ុនជប៉ុន ក្នុងការទិញផលិតករអាមេរិកក្នុងតម្លៃជាង ១៤ពាន់លានដុល្លារ ទៅជាបញ្ហានយោបាយថែមទៀត។
លោក បៃដិន បានលើកឡើងថា “ក្រុមហ៊ុនដែកថែ បរបស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនដែកថែបដ៏ល្បី របស់អាមេរិកអស់រយៈពេលជាងមួយសតវត្សមកហើយ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់វាក្នុងការ នៅតែជាក្រុមហ៊ុនដែកថែបរបស់អាមេរិក ដែលគ្រប់គ្រងនិងប្រតិបត្តិការក្នុងស្រុក” ។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលព្យាយាមកម្ចាត់លោក បៃដិន ដើម្បីត្រឡប់ទៅសេតវិមានវិញ ក៏បានឲ្យដឹងថា លោកនឹង “រារាំង” ផែនការរបស់ក្រុមហ៊ុន Nippon Steel ដែលបានប្រកាស កាលពីខែធ្នូ ក្នុងទិញយកក្រុមហ៊ុនដែកថែប អាមេរិកខាងលើនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
