យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ពួកហាម៉ាស ចំពោះសំណើកិច្ចព្រមព្រៀង បទឈប់បាញ់ថ្មីមួយពីអ្នកសម្រុះសម្រួលកាតា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ
។
លោក David Barnea ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានទទួលការឆ្លើយតបជាលាយ លក្ខណ៍អក្សរពី នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani នេះបើយោងតាមមន្ត្រី និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍ មួយដោយថា ក្រុមហាម៉ាស “បន្តពង្រឹងខ្លួនជាមួយនឹងការទាមទារ ដែលគ្មានមូលដ្ឋាន” ។ ការិយាល័យបានបន្ថែមថា គណៈរដ្ឋមន្ត្រីសម័យ សង្គ្រាមត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីសំណើនេះ។
ទោះបីជាមានការអត្ថាធិប្បាយ ពីការិយាល័យនាយករដ្ឋមន្ត្រីក៏ដោយ សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV បានរាយការណ៍ថា ឯកសារនេះរួមបញ្ចូលទាំងបញ្ជី នៃការទាមទារ ដែលអ៊ីស្រាអែល ចាត់ទុកថា “សមហេតុផល” ។
ក្រុមហាម៉ាស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង្ហាញ “ចក្ខុវិស័យទូលំទូលាយ” នៃបទឈប់បាញ់ ដែលរួមមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមនេះបានបើកការវាយប្រហារដ៏សាហាវរបស់ខ្លួនលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា