ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចក្រភព អង់គ្លេសថ្លែងថា នឹងមិនបានការបោះឆ្នោត ជាសកលនៅថ្ងៃទី២ ឧសភា នោះទេ

Xinhua

ឡុងដ៏៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Rishi Sunak នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានថ្លែងយ៉ាងដូច្នេះថា នឹងមិនមានការបោះឆ្នោត សកលនៅថ្ងៃទី២ ខែឧសភា នោះឡើយ ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែថា លោកនឹងហៅការបោះឆ្នោត នោះនៅមុនកាលកំណត់ ។

គួរបញ្ជាក់ថា លោក Sunak បានធ្វើការលើកឡើងយ៉ាងនេះ នៅគ្រាដែលរូបលោក បានជួបជាមួយសារព័ត៌មាន ITV កាលពីថ្ងៃព្រហស្បតិ៍ ។ ដោយកាលពីមុនលោកបានថ្លែងថា ការបោះឆ្នោតមួយនឹង ត្រូវធ្វើឡើងនៅឆមាសទី២នៃឆ្នាំនេះ ប៉ុន្តែមិនបានលុបចោលការបោះឆ្នោត នៅក្នុងខែឧសភានោះទេ ។

លោកបានថ្លែងថា “ក្នុងរយៈពេលជាច្រើនសប្តាហ៍ យើងមានការបោះឆ្នោតសម្រាប់ប៉ូលិស និងស្នងការឧក្រិដ្ឋកម្ម សម្រាប់ក្រុមប្រឹក្សាមូលដ្ឋាន សម្រាប់អភិបាលក្រុងទូទាំងប្រទេស ហើយការបោះឆ្នោតក្នុងស្រុករបស់ចក្រភពអង់គ្លេសនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែឧសភា” ។

នៅគ្រាដែលមានការ ចោទសួរឡើង ថាតើ នឹងមានការបោះឆ្នោតសកលនៅពេលនោះដែរឬទេ លោកនាយករដ្ឋមន្ត្រី បានមានថ្លែងថា “នឹងមិនមានការបោះឆ្នោតសកលនៅថ្ងៃនោះទេ” ។

បើយោងតាមច្បាប់ របស់ចក្រភពអង់គ្លេស កាលបរិច្ឆេទចុងក្រោយដែលអាចធ្វើទៅ បានសម្រាប់ការបោះឆ្នោត សកលគឺនៅចុងខែមករា ឆ្នាំ២០២៥ខាងមុខ ។

គណបក្សអភិរក្សដែលកំពុងកាន់ អំណាចបាន ដើរយឺតជាងគណបក្ស ការងារដែលជាបក្សប្រឆាំង ដ៏សំខាន់របស់ខ្លួន ក្នុងការបោះឆ្នោត ដោយសមាជិកសភា Tory មួយចំនួនបានចាក់ឫស សម្រាប់ការបោះឆ្នោតមុនកាលកំណត់ ដើម្បីកុំឱ្យស្ថានការណ៍កាន់ តែអាក្រក់ឡើង ហើយអ្នកផ្សេងទៀត ណែនាំឱ្យបោះឆ្នោតនៅឆមាសទី២នៃឆ្នាំនេះ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀត ដល់គណបក្ស ដើម្បីកែខៃសេដ្ឋកិច្ច និងទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top