បរទេស៖ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា អ៊ុយក្រែនត្រូវតែគ្រប់គ្រងឡើងវិញលើទឹកដីទាំងអស់ដែលខ្លួនធ្លាប់កាន់កាប់ រួមទាំងឧបទ្វីបគ្រីមៀរបស់រុស្ស៊ីផងដែរ។ លោកបានអះអាងថា បើមិនដូច្នេះទេ “សន្តិភាពដែលស្ថិតស្ថេរ” នឹងមិនអាចទៅរួចនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីបារាំងបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសជាមួយទូរទស្សន៍ TF2 និង France 2 ដោយពណ៌នាចំៗអំពីរុស្ស៊ីថាជា «សត្រូវរបស់បារាំង»។ ក្នុងពេលជាមួយគ្នានោះ លោកបានទទូចថា ទីក្រុងប៉ារីស មិនបាន “ធ្វើសង្គ្រាមលើរុស្ស៊ី” ទេ ប៉ុន្តែគ្រាន់តែ “គាំទ្រ” ទីក្រុងគៀវ ក្នុងជម្លោះប៉ុណ្ណោះ។
លោក ម៉ាក្រុង បានលើកឡើងថា “ពិតណាស់ សព្វថ្ងៃនេះ រុស្ស៊ីគឺជាសត្រូវ។ របបវិមានក្រឹមឡាំងគឺជាសត្រូវ។ យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យរុស្ស៊ីអាចចុះខ្សោយ ព្រោះខ្ញុំនឹងប្រាប់អ្នកយ៉ាងសាមញ្ញថា គ្មានសន្តិភាពយូរអង្វែងទេ ប្រសិនបើគ្មានអធិបតេយ្យភាព ការវិលត្រឡប់ទៅកាន់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន រួមទាំងតំបន់គ្រីមៀ”។
ការកត់សម្គាល់ចុងក្រោយបង្អស់របស់ប្រធានាធិបតីបារាំងបានទទួលការស្វាគមន៍យ៉ាងសោះកក្រោះពីភាគីប្រទេសរុស្ស៊ី ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា លោក ម៉ាក្រុង ទំនងជា “នឹងមិនខ្វល់ពីការបង្កើនកម្រិតនៃការចូលរួមរបស់គាត់” នៅក្នុងអរិភាពរុស្ស៊ី-អ៊ុយក្រែននោះទេ។
Peskov បានប្រាប់អ្នកយកព័ត៌មានថា “បាទ វាច្បាស់ណាស់ថា រុស្ស៊ីគឺជាសត្រូវរបស់បារាំង ពីព្រោះបារាំងបានចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនរួចហើយ។ វាគឺជាការចូលរួមដោយប្រយោលនៅក្នុងសង្រ្គាមនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា