ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា មី​ស៊ី​ល​កូរ៉េ​ខាងជើង ​បាញ់​ដោយ​រុ​ស្ស៊ី មានគុណភាព​ទាប​

Kyodo

គៀវ៖ រដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមកំពូល របស់អ៊ុយក្រែន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា មីស៊ីលផ្លោងដែលផលិត ដោយកូរ៉េខាងជើង ដែលបាញ់ដោយរុស្ស៊ី ចូលទៅក្នុងប្រទេស អ៊ុយក្រែន ចំពេលសង្រ្គាមមានគុណភាព “ទាបណាស់” ជាមួយនឹងអត្រា ភាពត្រឹមត្រូវត្រឹមតែប្រហែល ២០ភាគរយប៉ុណ្ណោះ ដោយផ្អែកលើការវិភាគ នៃកម្ទេចកម្ទីអាវុធ។

យោងតាមលោក Yuriy Belousov ប្រធាននាយកដ្ឋានឧក្រិដ្ឋកម្មសង្រ្គាម នៃការិយាល័យអគ្គរដ្ឋ អាជ្ញាអ៊ុយក្រែន បានឲ្យដឹងថា មីស៊ីលកូរ៉េខាងជើងប្រហែល ៥០ ត្រូវបានបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែន រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យមនុស្ស ២៣ នាក់ស្លាប់ និងជាង ១០០ នាក់បានរងរបួស ។

លោក Belousov បានសម្តែងការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងប្រើប្រាស់អ៊ុយក្រែន ជាកន្លែងសាកល្បងមីស៊ីល ដោយថា “តាមគំនិតរបស់ខ្ញុំ ពួកគេប្រាកដជាប្រើវា” ដើម្បីតាមដានថា តើអាវុធ របស់វាមានប្រសិទ្ធភាពយ៉ាងណា។

គេជឿជាក់ថា ទីក្រុង ព្យុងយ៉ាង កំពុងទទួល បានទិន្នន័យពីប្រទេសរុស្ស៊ី ស្តីពីការដាក់ពង្រាយ មីស៊ីលលើកដំបូង នៅក្នុងការប្រយុទ្ធ ជាក់ស្តែងក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព របស់ខ្លួនក្នុងការវាយប្រហារ និងគេចពីការស្ទាក់ចាប់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top