យូអិន៖ ប្រេសិតចិនមួយរូបបានឲ្យដឹងថា ប្រទេសចិន មានការសោកស្តាយ ដែលដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលទើបតែអនុម័តលើប្រទេស អាហ្វហ្គានីស្ថាន បានបរាជ័យក្នុងការឆ្លុះបញ្ចាំង ពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងប្រទេសនេះ។
ប្រទេសចិន បានបោះឆ្នោតគាំទ្រសេចក្តីព្រាង ដំណោះស្រាយបន្តអាណត្តិ បេសកកម្មជំនួយ របស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (UNAMA) នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Geng Shuang អនុតំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការបោះឆ្នោតជាវិជ្ជមាន គឺផ្អែកលើការគាំទ្ររបស់ប្រទេសចិន សម្រាប់ការងារ របស់អង្គការសហប្រជាជាតិ និងជាតំណាងពិសេសលោក Roza Otunbayeva ។
លោកបានឲ្យដឹងនៅក្នុងការពន្យល់អំពីការបោះឆ្នោតថា ក្នុងពេលជាមួយគ្នានេះ ប្រទេសចិន មានការសោកស្តាយ ដែលសេចក្តីព្រាងដំណោះស្រាយនេះមិនបានឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយការរក្សាល្បឿនជាមួយនឹងពេលវេលា។
លោកបន្ថែមថា ពីរឆ្នាំកន្លះបន្ទាប់ពីការដកទ័ពបរទេស អាហ្វហ្គានីស្ថាន កំពុងមើលឃើញស្ថានភាពក្នុងស្រុកមានស្ថិរភាព ភាពប្រសើរឡើង នៃសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន និងការពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ប្រកបដោយ និរន្តរភាព ទោះបីជាប្រទេសនេះ នៅតែប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងស្ថានភាព មនុស្សធម៌ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហានិភ័យនៃភេរវករ ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									