បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនបានប្រាប់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា គ្រាប់បែកសម្រាប់ប្រព័ន្ធការពារដែន អាកាសមួយចំនួនរបស់ខ្លួន អាចត្រូវបានប្រើប្រាស់ស្ទើរតែទាំងស្រុងនៅត្រឹមចុងខែមីនានេះ។
យោងតាមប្រភពដែលទទួលបានពីក្រុម អ្នកតំណាងរបស់រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការព្រមាននេះ ក្នុងអំឡុងសន្និសីទសន្តិសុខកាលពីខែមុន ហើយត្រូវបានកាសែតយកមកសរសេរ នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រ។
មន្ត្រីមួយរូបបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលពីមុនអាចបាញ់ បានបួនគ្រាប់ក្នុងចំណោមមីស៊ីលទាំង៥គ្រាប់ដែលរុស្ស៊ីបានបាញ់នោះ ប្រហែលជាអាចកំណត់គោលដៅបានតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់។
ប្រភពដដែលក៏បានបន្តបញ្ជាក់ទៀតថា បញ្ហាកង្វះមីស៊ីលការពារអាកាស នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់អាយុជីវិតនៅកណ្តាលទីក្រុងរបស់អ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី